(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ គឺ លោក ចន បូលតុន (John Bolton) បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងគិតគូរដាក់ទណ្ឌកម្មថែមទៀតលើប្រទេសកូរ៉េខាងជើង ប្រសិនទីក្រុងព្យុងយ៉ាងមិនព្រមបោះបង់ កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនចោលទេនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
ឆ្លើយតបជាមួយបណ្តាញសារព័ត៌មានអាមេរិក Fox Business Network នាថ្ងៃអង្គារសប្តាហ៍នេះ ក្រោយជំនួបកំពូលនៅហាណូយរវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន លោក Bolton បានបញ្ជាក់យ៉ាងដូច្នេះថា «ទីក្រុងវ៉ាស៊ីនតោននឹងពិនិត្យមើលថា តើ ទីក្រុងព្យុងយ៉ាងគោរពតាមការសន្យារបស់ខ្លួន អំពីការបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ព្រមទាំងអ្វីៗផ្សេងទៀតដែលពាក់ព័ន្ធជាមួយវាដែរ ឬយ៉ាងណា...»។
លោក Bolton បានបន្តថា «ប្រសិនបើពួកគេមិនព្រមធ្វើតាមពាក្យសន្យារបស់ខ្លួនទេនោះ ខ្ញុំគិតថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗរួចហើយថា ពួកគេនឹងមិនទទួលបានការបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដែលបានដាក់ទៅលើពួកគេឡើយ ខណៈបើតាមពិតទៅនោះពួកយើងនឹងពិចារណាដាក់ទណ្ឌកម្មឲ្យខ្លាំងថែមទៀត»។
ក្នុងថ្ងៃជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ផងដែរថា កូរ៉េខាងជើងបានសាងសង់ផ្នែកមួយចំនួនឡើងវិញ នៃទីតាំងបាញ់គ្រាប់មីស៊ីល ដែលខ្លួនបានចាប់ផ្តើមរុសរើចោល ក្រោយពីខ្លួនធ្លាប់បានសន្យាថា មិនធ្វើដូច្នោះក្នុងអំឡុងជំនួបកំពូលលើកទីមួយ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពាក់កណ្តាលឆ្នាំមុន។ ការសាងសង់នេះត្រូវគេអះអាងថា ទំនងជាធ្វើឡើងកាលពីចន្លោះថ្ងៃទី១៦ ខែកុម្ភៈ និងថ្ងៃទី០២ ខែមីនា រីឯទីតាំងបាញ់មីស៊ីលនោះមានឈ្មោះថា តុងឆាងរី (Tongchang-ri)។
គួរជម្រាបថា ការធ្វើអត្ថាធិប្បាយរបស់លោក Bolton បានកើតមានបន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីថ្ងៃទី២៧-២៨ ខែកុម្ភៈរវាងលោក ត្រាំ និងលោក គីម នៅវៀតណាម បានបញ្ចប់ទៅដោយបាតដៃទទេ ដោយសារភាពមិនចុះសម្រុងគ្នាជុំវិញឆន្ទៈរបស់កូរ៉េខាងជើងក្នុងការបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងឆន្ទៈរបស់អាមេរិកក្នុងការបន្ធូរបន្ថយទណ្ឌកម្ម៕