(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ម្យុងបាក់ (Lee Myung-bak) នឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននៅថ្ងៃពុធនេះ ជិតមួយឆ្នាំបន្ទាប់ពីចំណាយពេលក្នុងមន្ទីរឃុំឃាំងពីបទពុករលួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
ការសម្រេចចិត្តឱ្យលោក Lee ស្ថិតនៅក្រៅឃុំ ធ្វើដោយតុលាការជាន់ខ្ពស់ទីក្រុងសេអ៊ូល ដែលបានទទួលយកសំណើសុំនៅក្រៅឃុំ ពីអតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ដោយសារតែស្ថានភាពទ្រុឌទ្រោមនៃសុខភាពរបស់លោក និងហេតុផលមួយចំនួនទៀត។
គួរបញ្ជាក់ថា លោក Lee Myung-bak បានឡើងកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ហើយបច្ចុប្បន្ន លោកកំពុងប្ដឹងឧទ្ធរណ៍ជំទាស់នឹងការផ្ដន្ទាទោសរូបលោក ដាក់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ពីបទចោទស៊ីសំណូកជាទឹកប្រាក់ ៥.២លានដុល្លារពីក្រុមហ៊ុនដ៏ធំមួយក្នុងប្រទេសកូរ៉េខាត្បូង និងបទល្មើសមួយចំនួនទៀតកាលពីថ្ងៃទី០៥ ខែតុលា ឆ្នំា២០១៨៕