(វ៉ាស៊ីនតោន)៖ លទ្ធផលស្ទង់មតិថ្មីមួយបានបង្ហាញឲ្យដឹងថា ប្រជាជនអាមេរិកភាគច្រើន មិនចង់ឲ្យមានការទម្លាក់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ចេញពីអំណាចឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
យោងតាមការស្ទាបស្ទង់មតិខាងលើ ប្រជាជនអាមេរិកដែលមានសិទ្ធិបោះឆ្នោតខ្ទង់ ៥៩ភាគរយ បានជំទាស់នឹងការបើកនីតិវិធីដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីតំណែងប្រធានាធិបតី ក៏ប៉ុន្តែទន្ទឹមនឹងនេះប្រមាណ ៥៨ភាគរយនៃពួកគេ បានយល់ស្របថា សភាគួរតែធ្វើការស៊ើបអង្កេតលើរឿងអាស្រូវចោទប្រកាន់ អំពីទង្វើអសីលធម៌ និងខុសច្បាប់ផ្សេងៗរបស់លោក ត្រាំ។
គួរជម្រាបថា កាលពីសប្តាហ៍មុនអតីតមេធាវីរបស់លោក ត្រាំ គឺលោក ម៉ៃឃើល ខូហេន (Michael Cohen) បានចោទប្រកាន់លោក ត្រាំ ក្នុងអំឡុងការផ្តល់សក្ខីកម្មនៅចំពោះមុខសភាអាមេរិក ពីបទល្មើសមួយចំនួនរួមមានដូចជា ការរំលោភលើការគ្រប់គ្រងហិរញ្ញវត្ថុក្នុងយុទ្ធនាការបោះឆ្នោត និងការក្លែងបន្លំ-កឹបកេងពន្ធជាងដើម។
រីឯក្រុមតំណាងរាស្រ្តបក្សប្រជាធិបតេយ្យជាច្រើននាក់ ក្រោយពីគណបក្សរបស់ពួកគេបានដណ្តើមកាន់កាប់សភាតំណាងរាស្រ្តរបស់អាមេរិក កាលពីខែមករាបានប្តេជ្ញាថា នឹងបើកនីតិវិធីដើម្បីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីអំណាច ប៉ុន្តែការសម្រេចចិត្តក្នុងរឿងនេះ ត្រូវការសំឡេងអនុម័តពីរភាគបីនៅក្នុងព្រឹទ្ធសភាអាមេរិក ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ៕