(វ៉ាស៊ីនតោន)៖ រូបភាពថតដោយផ្កាយរណបជាច្រើនសន្លឹក ចេញផ្សាយដោយគេហទំព័រអាមេរិក 38 North បានបង្ហាញថា កូរ៉េខាងជើងកំពុងជួសជុលឡើងវិញនូវទីតាំងបាញ់គ្រាប់រ៉ុក្កែតមួយកន្លែង ដែលខ្លួនបានសន្យាជាមួយសហរដ្ឋអាមេរិកថា នឹងបំផ្លាញចោលនោះ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
គេហទំព័រអាមេរិក 38 North ចេញផ្សាយរូបភាពខាងលើនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) ហើយរូបភាពទាំងនេះទៀតសោត ត្រូវបានថតដោយផ្កាយរណបតែ ០២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំកំពូលជាលើកទី ២ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយប្រទេសវៀតណាម បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ គេហទំព័រអាមេរិកខាងលើ ដែលតែងតែទម្លាយរឿងសម្ងាត់កូរ៉េខាងជើងបានឱ្យដឹងទៀតថា ទីតាំងដែលគេថតជាប់កំពុងមានសកម្មភាពជួសជុលឡើងវិញនោះ គឺជាទីតាំងបាញ់ គ្រាប់រ៉ុក្កែត សូហែ (Sohae) នៃស្ថានីយ តុងឆាងរី (Tongchang-ri)។
គួរបញ្ជាក់ថា Sohae គឺជាទីតាំងបាញ់គ្រាប់រ៉ុក្កែតពាំផ្កាយរណប ទៅកាន់ទីអវកាសដ៏សំខាន់មួយរបស់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ២០១២មក ហើយមិនតែប៉ុណ្ណោះវាក៏ជាកន្លែងដែលទីក្រុងព្យុងយ៉ាងយកធ្វើជាទីតាំងធ្វើតេស្ដម៉ាស៊ីន សម្រាប់មីស៊ីលមានសមត្ថភាពបាញ់ដល់ទឹកដី អាមេរិកផងដែរ។ ដោយឡែកនៅមុននេះបន្តិច ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ចន បូលតុន ក៏បានចេញសារព្រមានផងដែរថា បើសិនជាកូរ៉េខាងជើងមិនព្រមបោះចោលនុយក្លេអ៊ែរនោះទេ ទណ្ឌកម្មបន្ថែមទៀតនឹងត្រូវដាក់៕