(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាបានទាត់ចោលរបាយការណ៍ដែលថា នាវាមុជទឹករបស់ខ្លួនមួយគ្រឿងបានព្យាយាមចូលក្នុងដែនទឹកប៉ាគីស្ថាន ហើយចាត់ទុកថាវាគឺជាព័ត៌មានមិនពិត ខណៈដែលជម្លោះក្តៅគគុករវាងប្រទេសទាំងពីរ ហាក់បានធូរស្រាលបន្តិចវិញ តែនៅបន្តស្ថិតក្នុងភាពផុយស្រួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយថ្ងៃអង្គារសប្ដាហ៍នេះ កងនាវាឥណ្ឌាបានបញ្ជាក់យ៉ាងដូច្នេះថា «ដូចដែលបានលើកឡើងនៅក្នុងសន្និសីទរួមកាលពីថ្ងៃទី២៨ ខែកុម្ភៈ កងនាវាឥណ្ឌាត្រូវបានដាក់ពង្រាយក្នុងគោលបំណង ការពារដែនទឹករបស់ខ្លួនតែប៉ុណ្ណោះ... ប៉ុន្តែក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះយើងសង្កេតឃើញថាប៉ាគីស្ថានបានផ្សព្វផ្សាយ និងឃោសនាព័ត៌មានមិនពិតជាច្រើន»។
គួរបញ្ជាក់ថា ការចេញផ្សាយសេចក្ដីថ្លែងការណ៍របស់កងនាវាឥណ្ឌា ធ្វើឡើងជាការឆ្លើយតបទៅនឹងវីដេអូមួយចេញផ្សាយដោយប៉ាគីស្ថាន ដែលអះអាងបានបណ្ដេញនាវាមុជទឹកឥណ្ឌាមួយគ្រឿងចេញ ក្រោយពីវាបានព្យាយាមរុកចូលក្នុងដែនទឹករបស់ខ្លួន។ ស្ថានការណ៍នៅក្នុងជម្លោះរវាងប៉ាគីស្ថាន និងឥណ្ឌាបានវិលមកធូរស្រាលវិញបន្តិច ក្រោយប៉ាគីស្ថានព្រមដោះលែងពីឡុតយន្តហោះចម្បាំងឥណ្ឌា និងបើកចំហជើងមេឃឡើងវិញ៕