(ម៉ូស្គូ)៖ ប្រវត្តិវិទូម្នាក់បាននិយាយថា ដើម្បីបញ្ឈប់អំពើហិង្សារបស់អ៊ីស្រាអែល ប៉ាឡេស្ទីនត្រូវការសកម្មភាពជាក់ស្តែង គឺមិនមែនត្រឹមតែសេចក្តីថ្លែងការណ៍ទទេៗពីអង្គការសហប្រជាជាតិ (UN) ឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
ប្រវត្តិវិទូខាងលើគឺលោក រីឆាដ ប៊ែកឃើ (Richard Becker) បានប្រាប់សារព័ត៌មាន Sputnik ដូច្នេះថា សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិ គឺមិនគ្រប់គ្រាន់នោះទេ គឺត្រូវតែមានចំណាត់ការជាក់ស្តែងប្រឆាំងនឹងអ៊ីស្រាអែល ដោយសារតែអំពើដ៏ឃោរឃៅរបស់ប្រទេសមួយនេះ ទាក់ទងទៅនឹងការប្រព្រឹត្តទៅលើប្រជាជនប៉ាឡេស្ទីន នៅឯតំបន់ ហ្គាហ្សា (Gaza) និង វែសត៍ប៊ែង (West Bank)។
លោក Becker បានពន្យល់ថា «នៅ UN ជាពិសេសពាក់ព័ន្ធបញ្ហាប៉ាឡេស្ទីន និងទង្វើរបស់អ៊ីស្រាអែលប្រឆាំងប៉ាឡេស្ទីន គឺអ៊ីស្រាអែលមានអារម្មណ៍ថា ពួកគេមានសិទ្ធិ និងការការពេញលេញដោយសារតែពួកគេខែលដ៏ខ្លាំងមួយ គឺអាមេរិកដែលជាប្រទេសមានអំណាចជាងគេនៅលើពិភពលោក និងជាពិសេសទៀតនោះ គឺនៅក្នុងអង្គការសហប្រជាជាតិផ្ទាល់តែម្តង»។
គួរជម្រាបថា មកទល់ពេលនេះអំពើហិង្សាដែលតែងបានផ្ទុះឡើងជារឿយៗនៅតាមព្រំដែនរវាងតំបន់របស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល និងបានបង្កឲ្យជនជាតិប៉ាឡេស្ទីនស្លាប់ និងរងរបួសជាបន្តបន្ទាប់ ខណៈអង្គការសហប្រជាជាតិ ដែលជាស្ថាប័នអន្តរជាតិកំពូលមួយនោះ បានត្រឹមតែចេញសេចក្តីថ្លែងការណ៍រិះគន់តែប៉ុណ្ណោះ៕