(យូអិន)៖ អគ្គលេខាធិការ​នៃអង្គការ​សហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរែស (Antonio Guterres) មានទុក្ខក្រៀមក្រំ​ជាខ្លាំង ដោយ​សារ​សោកនាដ​កម្ម​​ធ្លាក់​យន្ត​ហោះ​នៅ​ក្បែរ​​​​​រដ្ឋធានី អាកឌីស អាបាបា (Addis Ababa) នៃប្រទេសអេត្យូពី ដែលបានផ្តាច់ជីវិត​មនុស្សទាំងអស់​​គឺ​​១៥៧នាក់​នៅ​លើ​យន្តហោះ ដោយក្នុងនោះក៏រួមមាន​បុគ្គលិក​​​របស់​បណ្តាអង្គការ​​នៃស្ថាប័នអន្តរជាតិ​នេះចំនួន ១៩នាក់ផងដែរ។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​របស់លោក Guterres គឺលោក ស្ទេហ្វិន ឌូហ្សារិច (Stephane Dujarric) ដកស្រង់សម្តីដោយ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃ​ចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។

លោក Dujarric បាននិយាយ​យ៉ាងដូច្នេះថា «លោក​​អគ្គលេខាធិការ​មានទុក្ខក្រៀមក្រំ​ក្រៃលែង ពេលបានលឺដំណឹងអំពីការ​បាត់បង់​ជីវិតមនុស្សរាប់រយនាក់នៅក្នុង​សោកនាដកម្ម​ធ្លាក់យន្តហោះ​នៅក្បែរ​ទីក្រុង Addis Ababa កាលពីថ្ងៃអាទិត្យ​ ហើយលោក​បានផ្តាំផ្ញើការសោកស្តាយ​​យ៉ាង​​ជ្រាល​ជ្រៅ​​ ព្រម​ទាំង​​សាមគ្គីភាព​​​ទៅ​​កាន់ក្រុមគ្រួសារ​សាច់​ញាតិ​​របស់ជនរងគ្រោះទាំងឡាយ ដោយក្នុងនោះ​រួមមានទាំង​បុគ្គលិករបស់​អង្គការ​សហប្រជាជាតិ រួមជាមួយសមាន​ទុក្ខដោយស្មោះអស់​ពីចិត្ត​ចំពោះ​រដ្ឋាភិបាល និងប្រជាជន​​​នៃប្រទេស​​អេត្យូពី​ទាំងមូល»

គួរជម្រាបថា យន្តហោះ Boeing 737-800 MAX (737 MAX 8) ​​របស់ក្រុមហ៊ុន​​អាកាសចរណ៍​អេត្យូពី (Ethiopia Airlines ) ដែល​មានគោលដៅ​​ចេញពី​ទីក្រុង Addis Ababa ឆ្ពោះទៅកាន់​​ទីក្រុង ណៃរ៉ូប៊ី (Nairobi) នៃប្រទេសកែនយ៉ា បានដាច់ការទាក់ទង​ហើយធ្លាក់​ ក្រោយហោះឡើងពីដីបានតែប៉ុន្មាននាទី​ប៉ុណ្ណោះ។ ​​មនុស្សសរុប ​១៥៧នាក់ (ទាំងអ្នកដំណើរនិងសហសេវិក) មក​ពីប្រទេស​ជាង ​៣០ខុសៗគ្នា ដែល​ជិះ​នៅ​លើ​នោះ​បាន​បាត់​បង់​ជីវិត​​ទាំងអស់។​ សម្រាប់បុគ្គលិក UN ទាំង ១៩នាក់ដែលស្លាប់ គឺមក​ពី​​អង្គការស្បៀង​អាហារពិភពលោក WFP ធនាគារ​ពិភពលោក អង្គការបរិស្ថាន UNEP អង្គការសិទ្ធិ​មនុស្ស OHCHR និង​អង្គការ​ទូរគមនាគមន៍ ITU ព្រមទាំងការិយាល័យ​របស់ UN ប្រចាំនៅ​ក្រុង Nairobi ជាដើម៕