(គូឡាឡាំពួរ)៖ ស្ត្រីជនជាតិ​ឥណ្ឌូណេស៊ី នាង ស៊ីទី អៃស៊ីយ៉ាហ៍ (Siti Aisyah) ដែលត្រូវបានគេចោទប្រកាន់ថា បានសម្លាប់លោក គីម ជុងណាំ បងប្រុសឪពុកតែមួយម្ដាយទី​ទៃ​របស់មេដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានដោះលែង​ឱ្យមានសេរីភាព​ហើយ បន្ទាប់ពី​ព្រះរាជា អាជ្ញាម៉ាឡេស៊ី​ទម្លាក់ចោលការចោទប្រកាន់​ប្រឆំាងនឹង​រូបនាង។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។

ក្រុមព្រះរាជា​អាជ្ញា​ម៉ាឡេស៊ី នៅថ្ងៃចន្ទនេះបានសម្រេចចិត្ត​ដាក់សំណើ សុំទម្លាក់ចោល​ការចោទប្រកាន់​ប្រឆាំង​នាង Siti Aisyah រីឯតុលាការក៏បាន​ទទួលសំណើ​នេះដែរ។ ស្ត្រីជនជាតិ​ឥណ្ឌូណេស៊ី​រូបនេះ ត្រូវបានដោះលែង​ពីមន្ទីរឃុំឃាំង និងឡើងជិះរថយន្ដ​ស្ថានទូត​មួយគ្រឿង បន្ទាប់ពីដើរ​ចេញពី​តុលាការ។ សវនាការកាត់ទោស​ស្ត្រី​ឥណ្ឌូណេស៊ី នាង Siti Aisyah អាយុ ២៦ឆ្នាំ ត្រូវបានផ្អាក​កាលពី​ខែធ្នូ ឆ្នាំ២០១៨ ខណៈមេធាវីរបស់​ជនជាប់ចោទរូបនេះ​សម្ដែងការជំទាស់​ ទៅនឹងការធ្វើ​សេចក្ដី​ថ្លែងការណ៍ របស់សាក្សីចំនួន ០៧នាក់។ ប៉ុន្តែ​ក្រុមព្រះរាជ្ញា​ម៉ាឡេស៊ី​មិនបាន​បញ្ជាក់ពី​មូលហេតុលម្អិត​ជុំវិញសំណើ​របស់ខ្លួន​ឡើយ។

គួរជម្រាបថា នាង Siti Aisyah និងស្ត្រីជាជនជាតិ​វៀតណាមម្នាក់ទៀត​ឈ្មោះ ដួន ធីហ័ង (Doan Thi Huong) រួមទាំងជនជាតិ​កូរ៉េខាងជើងបួននាក់ ផ្សេងទៀតដែល​កំពុងរត់គេចខ្លួន ត្រូវបានតុលាការ​ម៉ាឡេស៊ីចោទប្រកាន់ពី​បទ​ ជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក​ គីម ជុងណំា អាកាសយានដ្ឋាន​ទីក្រុង​គូឡាឡាំពួរ កាលពី​ថ្ងៃ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ប៉ុន្តែស្ត្រីទាំង ០២នាក់នេះ​បានទាត់ចោលរាល់ការ​ចោទប្រកាន់នេះដោយអះអាងថា ខ្លួនត្រូវបានគេ​បោកបញ្ឆោតថា​ការសម្លាប់​លោក គីម ជុងណាំ គ្រាន់តែការ​សម្ដែងខ្សែ​ភាពយន្ដ​ប៉ុណ្ណោះ។

លោក គីម ជុងណាំ ត្រូវបានគេ​សម្លាប់ដោយប្រើប្រាស់​សារធាតុគីមីពុល VX។ ចំណែកឯ សហរដ្ឋអាមេរិក​ធ្លាប់បានចោទ​ប្រកាន់ថា រដ្ឋាភិបាល​កូរ៉េខាងជើងគឺ​ជាអ្នកនៅពីក្រោយ​អំពើឃាតកម្មនេះ ប៉ុន្តែទីក្រុងព្យុងយ៉ាង​បានបដិសេធរាល់​ការចោទប្រកាន់៕