(តូក្យូ)៖ ជាមួយការដាក់កម្រងផ្កា ការបួនស្រួងបន់ស្រន់ រួមទាំងការនឹកស្រណោះទាំងទឹកភ្នែក នាថ្ងៃចន្ទនេះ ប្រជាជាតិជប៉ុនបានរៀបចំការរំលឹកខួប០៨ឆ្នាំនៃ មហាសោកនាដកម្មរញ្ជួយផែនដី-រលកយក្សស៊ូណាមិ និងមហន្តរាយរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅឯតំបន់ឆ្នេរភាគឦសានប្រទេស និងបានបណ្តាលឲ្យមនុស្សសរុបដល់ទៅ១៨,៥០០នាក់ស្លាប់និងបាត់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ រួមទាំងសមាជិកសភា និងសមាជិកគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ពួកគេ នៅក្នុងមហាគ្រោះមហន្តរាយខាងលើ បានសម្តែងការឱនគោរពនិងបួងសួង ក្នុងពិធីមួយក្នុងទីក្រុងតូក្យ នាវេលាម៉ោង២៖២៦នាទីរសៀលថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) ជាពេលដែលគ្រោះរញ្ជួយដីយ៉ាងកក្រើកកម្រិត៩.០រ៉ិចទ័រ បានវាយប្រហារហើយបង្កជារលកយក្សដ៏អាក្រក់ ខណៈពិធីរំលឹកខួបស្រដៀងគ្នានេះ ក៏ត្រូវបានប្រព្រឹត្តទៅនៅតាមតំបន់ដែលបានទទួលរងគ្រោះផងដែរ។
គួរជម្រាបថា ក្រៅពីផ្តាច់ជីវិតមនុស្សនិងបង្កការបំផ្លិចបំផ្លាញ រលកយក្សស៊ូណាមិថែមទាំងបានបង្កមហន្តរាយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ក្នុងក្រុង Okuma នៃខេត្ត Fukushima ទៀតផង ដែលជាមហន្តរាយនុយក្លេអ៊ែរអាក្រក់បំផុតនៅលើពិភពលោក គិតចាប់តាំងតែពីគ្រោះមហន្តរាយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl របស់សហភាពសូវៀត កាលពីឆ្នាំ១៩៨៦៕