(ហ្សាការតា)៖ ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលឥណ្ឌូណេស៊ី បានប្រកាសឲ្យដឹងថា យន្តហោះ Boeing 737 MAX ត្រូវបានផ្អាកពុំឲ្យធ្វើប្រតិបត្តិការហោះហើរជាបណ្តោះអាសន្ន នៅក្នុងប្រទេសអាស៊ាននេះ ដើម្បីរង់ចាំការត្រួតពិនិត្យឲ្យត្រឹមត្រូវ។ ក្រៅពីឥណ្ឌូណេស៊ី ម៉ុងហ្គោលី ចិន និងអេត្យូពី ក៏បានធ្វើដូចគ្នាផងដែរ ខណៈប្រទេសដទៃទៀតនៅតែបន្តឲ្យយន្តហោះស៊េរីថ្មីនេះដំណើរការធម្មតា ប៉ុន្តែស្ថិតក្រោមការឃ្លាំមើលស្ថានការណ៍ដិតដល់ជាពិសេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៩។
មន្រ្តីខាងលើគឺលោកស្រី Polana Pramesti បាននិយាយដូច្នេះថា «ចំណាត់ការមួយក្នុងចំណោមចំណាត់ការឯទៀតៗ ដែលកំពុងត្រូវបានអនុវត្តន៍ដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិល គឺការត្រួតពិនិត្យតាមរយៈការផ្អាកប្រតិបត្តិការហោះហើររបស់ Boeing 737 MAX 8 ដើម្បីធានាឲ្យបានទាំងស្រុងថា យន្តហោះម៉ូដែលនេះមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងការហោះហើរធ្វើដំណើរ»។
បើតាមលោកស្រី Polana កិច្ចការត្រួតពិនិត្យ នឹងត្រូវចាប់ផ្តើមឡើងនៅថ្ងៃអង្គារស្អែក ខណៈដែលអាកាសចរណ៍ជាតិ Garuda Indonesia មាន MAX 8 មួយគ្រឿង រីឯអាកាសចរណ៍កម្រិតថវិកា Lion Air មាន១០គ្រឿង។ យន្តហោះ Boeing 737 MAX 8 មានតម្លៃជិត១២២លានដុល្លារអាមេរិកក្នុងមួយគ្រឿង។
គួរជម្រាបថា កាលពីថ្ងៃអាទិត្យម្សិលមិញ យន្តហោះ Boeing 737 MAX 8 របស់អាកាសចរណ៍អេត្យូពី Ethiopian Airlines បានធ្លាក់ក្រោយហោះឡើងផុតពីព្រលានយន្តហោះក្នុងរដ្ឋធានី Addis Ababa បានតែប៉ុន្មាននាទីប៉ុណ្ណោះ ដើម្បីឆ្ពោះទៅរដ្ឋធានី Nairobi របស់កេនយ៉ា។ ហេតុការណ៍នេះ បានផ្តាច់ជិវិតមនុស្សទាំងអស់ដែលជិះនៅលើនោះគឺ១៥៧នាក់ ខណៈអ្នកដំណើរភាគច្រើនគឺចម្រុះជាតិសាសន៍មកពីជាង៣០ប្រទេស។
ករណីធ្លាក់យន្តហោះខាងលើ គឺជាករណីទី០២ហើយ ដែលយន្តហោះ 737 MAX 8 ជាយន្តហោះស៊េរីមួយរបស់ Boeing បានធ្លាក់។ ករណីទីមួយ គឺឥណ្ឌូណេស៊ីផ្ទាល់ជាអ្នកជួបប្រទះ ដោយយន្តហោះ MAX 8 មួយគ្រឿងរបស់អាកាសចរណ៍ក្នុងស្រុក Lion Air ធ្វើដំណើរបានត្រឹមតែ១៣នាទីចេញពីរដ្ឋធានីហ្សាការតា ក៏ស្រាប់តែធ្លាក់ចូលទៅក្នុងសមុទ្រ ហើយផ្តាច់ជីវិតមនុស្សទាំងអស់ដូចគ្នា ដែលជិះលើនោះគឺសរុប១៨៩នាក់៕