(វ៉ាស៊ីនតោន)៖ យន្ដហោះ 737 MAX 8 របស់ក្រុមហ៊ុនអាមេរិក Boeing កំពុងស្ថិតនៅក្នុងសករាជដ៏ខ្មៅងងឹតមួយបន្ទាប់ពី យន្ដហោះប្រភេទនេះបានធ្លាក់កាលពីឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ីសម្លាប់មនុស្ស១៨៩នាក់ និងធ្លាក់ជាថ្មីម្ដងទៀតនៅប្រទេស អេត្យូពីកាលពីថ្ងៃអាទិត្យ ដោយផ្ដាច់ជីវិតអ្នកនៅលើនោះទាំងអស់១៥៧នាក់។
យន្ដហោះ 737 MAX 8 ប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានធ្លាក់កាលពីថ្ងៃអាទិត្យ ក្រោយហោះ ឡើងបានបន្តិចចេញពីអាកាសយានដ្ឋាននៃរដ្ឋធានី Addis Ababa នៃប្រទេសអេត្យូពី ឆ្ពោះទៅកាន់រដ្ឋធានី Nairobi របស់ប្រទេសកេនយ៉ា។ ម្យ៉ាងទៀត ក្រោយសោកនាដកម្មនេះ ចិន និងឥណ្ឌូណេស៊ីបានប្រកាសផ្អាកប្រតិបត្តិការហោះហើរ នៃយន្ដហោះត្រកូល 737 MAX ដើម្បីធ្វើការត្រួតពិនិត្យ ខណៈការសន្និដ្ឋានបឋមអះអាងថាយន្ដហោះនេះធ្លាក់ដោយសារតែ បញ្ហាបច្ចេកទេស ដូចគ្នាទៅនឹងការធ្លាក់យន្ដហោះនៅឥណ្ឌូណេស៊ីដែរ។
តើធ្វើយ៉ាងដូចម្ដេច ទើបដឹងថាអ្នកកត់សំបុត្រចំយន្ដហោះប្រភេទ 737 MAX 8? ខាងក្រោមនេះគឺជាវិធីងាយៗដែលអាចឱ្យអ្នក ដំណើរដឹងថាកក់ជើងហោះហើរជិះនៅលើយន្ដហោះប្រភេទនេះ៖
១. អ្នកត្រូវពិនិត្យមើលគេហទំព័រ និង app របស់ក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវជិះ។ បន្ទាប់មកចុចលើលេខជើងហោះហើរ នោះវានឹងបង្ហាញប្រាប់អ្នកថាតើអ្នកត្រូវជិះនៅលើយន្ដហោះប្រភេទអ្វី។
២. ត្រួតពិនិត្យការចុះបញ្ជីឈ្មោះរបស់យន្ដហោះនៅលើគេហទំព័រ FAA (រដ្ឋបាលអាកាសចរណ៍ស៊ីវិល)។ ពោលគឺមុននឹងអ្នក ឡើងជិះយន្ដហោះ អ្នកគួរតែកត់លេខចុះបញ្ជីដែលសិ្ថតនៅលើផ្នែកចំហៀងនៃយន្ដហោះ ហើយវាយលេខសម្គាល់នោះចូលក្នុង ទិន្នន័យចុះបញ្ជីរបស់ FAA។
៣. ប្រើប្រាស់ apps អាកាសចរណ៍ដូចជា FlightRadar24 ជាដើមដែលអាចអ្នកឱ្យងាយស្រួលដឹងពីប្រភេទយន្ដហោះត្រូវជិះ ហើយបន្ទាប់មកទៀត អ្នកត្រួវត្រួតពិនិត្យជើងហោះហើរ ឬប្រើប្រាស់ apps នេះដើម្បីស្វែងរកប្រភេទយន្ដហោះ 737 MAX 8s ឬយន្ដហោះដទៃទៀត៕
ប្រភព៖ CNN (ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩)