(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិក បានឱ្យដឹងនៅក្នុងសប្ដាហ៍នេះថា ខ្លួននឹងចាប់ផ្ដើមផលិតគ្រឿងបន្លាស់សម្រាប់ការធ្វើ តេស្ដប្រព័ន្ធមីស៊ីលបាញ់ចេញពីដី ដែលដំបូងឡើយស្ថិតក្រោមបម្រាម នៃសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ (INF) រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
ចំពោះមុខអ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី មីឈែលឡេ បាលដេនហ្សា (Michelle Baldanza) បានបញ្ជាក់ទៀត ថា សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមផលិតគ្រឿងបន្លាស់ និងសមាសភាពដែលគាំទ្រដល់ការអភិវឌ្ឍ និងការធ្វើតេស្ដប្រព័ន្ធមីស៊ីលបាញ់ចេញពីដី។ ប៉ុន្តែទន្ទឹមគ្នាលោកស្រីក៏បានសង្កត់ដែរថា ទីក្រុងវ៉ាស៊ីនតោនអាចនឹងពិចារណា ឬបញ្ឈប់គម្រោងនេះទៅវិញ បើសិនជារុស្ស៊ីត្រឡប់មកអនុវត្តន៍តាម យ៉ាងពេញលេញវិញនូវសន្ធិសញ្ញា INF មុននឹងអាមេរិកសម្រេចចិត្តដកខ្លួនជាផ្លូវការ ចេញពីសន្ធិសញ្ញានេះនៅខែសីហា ឆ្នាំ២០១៩។
គួរបញ្ជាក់ថា ការប្រកាសពីការចាប់ផ្ដើមអនុវត្តន៍ កម្មវិធីមីស៊ីលរបស់សហរដ្ឋអាមេរិក កើតមានឡើងក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈកន្លងទៅប្រកាសដកសហរដ្ឋអាមេរិក ចេញពីសន្ធិសញ្ញាកំណត់អានុភាពអាវុធមីស៊ីល INF ដែលបានចុះហត្ថលេខាជាមួយរុស្ស៊ីកាលពី ឆ្នាំ១៩៨៧។
សន្ធិសញ្ញានេះបានហាមប្រទេសមហាអំណាចទាំង ២ ក្នុងការផលិត និងអភិវឌ្ឍមីស៊ីលបាញ់ចេញពីដីដែលអាចបាញ់បានចំងាយពី ៥០០-៥,០០០គីឡូម៉ែត្រ។ ប៉ុន្តែបច្ចុប្បន្ន ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីកំពុងចាប់ផ្ដើមនីតិវិធីរយៈពេល០៦ខែ ដកខ្លួនចេញពីសន្ធិសញ្ញានេះហើយ ខណៈមានការព្រួយបារម្ភជាច្រើនថា ការរត់ប្រណាំងសព្វាវុធអាចនឹងផ្ទុះឡើងជាថ្មី៕