(ការ៉ាកាស់)៖ រដ្ឋាភិបាលវេណេស៊ុយអេឡាបានចេញបញ្ជាឲ្យ បន្តផ្អាកការរៀនសូត្រ និងបំពេញការងាររហូតដល់ថ្ងៃអង្គារបន្ថែមទៀត ដោយសារតែមកដល់ពេលនេះ អគ្គិសនីនៅតាមបន្តគ្មាននៅតាមរដ្ឋជាច្រើនទូទាំងប្រទេស គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន (ពេលវេលានៅអាមេរិកឡាទីន) ខណៈដំណោះស្រាយអំពីបញ្ហានេះ ហាក់ដូចជាស្ថិតក្នុងភាពងងឹតដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
សាលារៀន និងការិយាល័យបម្រើការងារទាំងអស់ទូទាំងប្រទេស ត្រូវបានបញ្ជាឲ្យបន្តការបិទទ្វារទៅដល់ថ្ងៃអង្គារសប្តាហ៍នេះទៀត (២៤ម៉ោងបន្ថែមទៀត) បន្ទាប់ពីការចាប់ផ្តើមបិទទ្វារជាបណ្តើរកាលពីថ្ងៃសុក្រសប្តាហ៍មុន។ ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក ហ្សក រ៉ូទ្រីហ្គែស (Jorge Rodriguez) បានអះអាងនៅថ្ងៃចន្ទនេះថា អគ្គិសនីនៅក្នុងប្រទេសបានចាប់ផ្តើមរលត់កាលពីវេលាម៉ោង ៥៖០០នាទីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយក្រុមជំនាញបានរកឃើញការវាយប្រហារចំនួន ៥លើក ដោយក្រុមឧក្រិដ្ឋជនមកប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ប្រទេសអាមេរិកខាងត្បូងមួយនេះ។
នៅថ្ងៃចន្ទដដែលនេះដែរ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាជាអ្នកនៅពីក្រោយការវាយប្រហារផ្នែកព័ត៌មានវិទ្យា មកលើប្រព័ន្ធអគ្គិសនីរបស់ប្រទេសលោក។ សម្រាប់អ្វីដែលរដ្ឋាភិបាលវេណេស៊ុយអេឡាអាចធ្វើបាននៅពេលនេះ គឺការអំពាវនាវឲ្យប្រជាជនមានការអត់ធ្មត់ និងតស៊ូប្រយុទ្ធចំពោះបញ្ហា ខណៈសកម្មភាពជួយសង្គ្រោះផ្នែកសុខាភិបាល ការផ្គត់ផ្គង់ទឹកជាបណ្តោះអាសន្ន ចំណីអាហារ និងថាមពលបណ្តោះអាសន្ននោះ កំពុងតែមានភាពសកម្មខ្លាំង នៅកន្លែងដែលកំពុងមានតម្រូវការចាំបាច់បំផុត៕