(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) បានឲ្យដឹងនាថ្ងៃអង្គារនេះថា រដ្ឋាភិបាលរបស់លោកកំពុងតែពិចារណាថា គួរតែបិទលក់ ឬផ្តល់ហិរញ្ញវប្បទានឡើងវិញទាក់ទិននឹងអាកាសចរណ៍ជាតិ Malaysia Airlines។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
ថ្លែងទាក់ទិននឹងជោគវាសនារបស់អាកាសចរណ៍ជាតិម៉ាឡេស៊ី លោក Mahathir បានបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជារឿងធំមួយក្នុងការបិទអាកាសចរណ៍នេះ ដូច្នេះហើយពួកយើងនឹងសិក្សាក៏ដូចជាស៊ើបអង្កេតថា តើយើងគួរតែបិទវាចោលតែម្តង ឬលក់វាទៅឲ្យអ្នកផ្សេង ឬមួយក៏យើងគួរតែធ្វើហិរញ្ញប្បទានដល់វាឡើងវិញ»។
គួរជម្រាបថា អាកាសចរណ៍ជាតិ Malaysia Airlines បាននិងកំពុងតែព្យាយាមកែប្រែប្រតិបត្តិការ ហើយវិលទៅរកប្រាក់ចំណេញបានឡើងវិញនៅឆ្នាំ២០១៩នេះ ស្របពេលដែលខ្លួនកំពុងខិតខំប្រឹងប្រែងស្រោចស្រង់មុខមាត់ជាថ្មី ក្រោយគ្រោះមហន្តរាយធំៗដល់ទៅពីលើកកាលពីឆ្នាំ២០១៤ គឺការបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៃយន្តហោះ MH370 និងយន្តហោះ MH17 ដែលត្រូវគេបាញ់ធ្លាក់នៅភាគខាងកើតអ៊ុយក្រែន៕