(វ៉ាស៊ីនតោន)៖ ប្រធានសភាអាមេរិកនៃគណបក្សប្រជាធិបតេយ្យ លោកស្រី ណេនស៊ី ប៉េឡូស៊ី (Nancy Pelosi) បាននិយាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ មិនចាំបាច់ដេកភ័យខ្លាចគេទម្លាក់ចេញពីតំណែងនោះទេ ព្រោះលោកមិនមានតម្លៃអ្វីដែលតម្រូវឱ្យគេធ្វើដូច្នេះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩។
លោកស្រី Nancy Pelosi លើកឡើងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post នៅថ្ងៃចន្ទសប្ដាហ៍នេះ និងបន្ទាប់ពីមានការស្ទង់មតិជាបន្តបន្ទាប់ ជុំវិញលទ្ធភាពនៃការទម្លាក់លោក ត្រាំ ពីតំណែងជាប្រធានាធិបតី។ លោកស្រី Pelosi បានគូសបញ្ជាក់នាឱកាសនោះយ៉ាងដូច្នេះថា «ខ្ញុំមិនគាំទ្រឱ្យមានការទម្លាក់លោកពីអំណាចនោះទេ ពីព្រោះការធ្វើបែបនេះមានតែបង្ក ប្រទេសជាតិបែកបាក់គ្នាតែប៉ុណ្ណោះ... ហើយខ្ញុំគិតថា គាត់ (លោកត្រាំ) គ្មានតម្លៃអ្វីដែលតម្រូវឱ្យគេទម្លាក់លោកពីតំណែងនោះទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធកន្លងទៅ សមាជិកសភាបក្សប្រជាធិបតេយ្យលោកស្រី រ៉ាស៊ីដា ថ្លេប (Rashida Tlaib) បានប្រកាសថា នឹងដាក់សំណើពិសេសសុំដំណើរការនីតិវិធីទម្លាក់លោក ដូណាល់ ត្រាំ នៅចុងខែមីនានេះ។ ប៉ុន្តែបើតាមការស្ទង់មតិជាច្រើនមកនេះ ប្រជាជនអាមេរិក ៥៩ភាគរយ ប្រឆាំងនឹងនីតិវិធីនេះ៕