(វ៉ាស៊ីនតោន)៖ របាយការណ៍មួយរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ បានឱ្យដឹងថា កូរ៉េខាងជើងនៅតែធ្វើសកម្មភាពរំលោភ លើទណ្ឌកម្មអន្តរជាតិ តាមរយៈការបង្កើនការនាំចូលប្រេង និងនាំចេញធ្យូងថ្មណីក្រៅប្រទេសដដែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងរបាយការណ៍កម្រាស់ជាង ៤០០ទំព័រ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិបានអះអាងទៀតថា ទីក្រុងព្យុងយ៉ាង ក៏កំពុងព្យាយាមលក់អាវុធទៅកាន់តំបន់មជ្ឈិមបូព៌ា និងវាយប្រហារព័ត៌មានវិទ្យា និង Hack យកលុយពីធនាគារជាច្រើននៅលើពិភពលោក។
គួរបញ្ជាក់ថា ការចេញផ្សាយរបាយការណ៍ខាងលើ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីខែកុម្ភៈកន្លងទៅ បរាជ័យដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ លើសពីនេះទៅទៀត ក្រោយកិច្ចប្រជុំនេះបរាជ័យ ទីក្រុងព្យុងយ៉ាងក៏ត្រូវបានគេរាយការណ៍ផងដែរថា បាន ធ្វើសកម្មភាពពាក់ព័ន្ធនឹងមីស៊ីលឡើងវិញ ដែលធ្វើឱ្យគេព្រួយបារម្ភថា របបដឹកនាំកុម្មុយនីស្ដដ៏ឯកោមួយនេះកំពុងត្រៀមខ្លួនធ្វើតេស្ដ មីស៊ីល ឬអាវុធនុយក្លេអ៊ែរជាថ្មីទៀត៕