(វ៉ាស៊ីនតោន)៖ មេបក្សប្រឆាំងដែលប្រកាសតែងតាំងខ្លួនឯង ជាប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡា គឺលោក ហ្ស៊ន ហ្គៃដូ (Juan Guaido) បានស្នើ ឡើងនូវសេចក្ដីព្រាងច្បាប់មួយ ស្ថិតនៅក្នុងចេតនាលក់ឧស្សហកម្មប្រេងវេណស៊ុយអេឡា ទៅឱ្យក្រុមហ៊ុនឯកជន ខណៈសហរដ្ឋអាមេរិកត្រៀមខ្លួនរួចជាស្រេចដើម្បីទិញ។ នេះបើតាម Reuters ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រតិភូរបស់លោក Guaido ប្រចាំធនាគារអភិវឌ្ឍន៍អន្តរអាមេរិក គឺលោក រីកាដូ ហសមែន (Ricardo Hausmann)។ លោក Hausmann បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវការផ្លាស់ប្ដូរប្រព័ន្ធ បច្ចុប្បន្ន... ហើយយើងត្រូវការបើកចំហរឧស្សាហកម្មប្រេងវេណេស៊ុយអេឡា សម្រាប់ក្រុមហ៊ុន ឬការវិនិយោគឯកជន»។
តែទោះជាយ៉ាងនេះក្ដី សំណើសេចក្ដីព្រាងច្បាប់ខាងលើរបស់លោក Guaido ត្រឹមតែក្រដាសសមួយសន្លឹកប៉ុណ្ណោះ ព្រោះប្រធានាធិបតីវេណេស៊ុយអេឡា នៅតែមានយោធានៅពីក្រោយខ្នង និងបន្តគ្រប់គ្រងឧស្សហកម្មប្រេងវេណេស៊ុយអេឡា តាមរយៈក្រុមហ៊ុនប្រេងរដ្ឋ PDVSA ដែលកំពុងរកស៊ីយ៉ាងសកម្មជាមួយ ចិន រុស្ស៊ី និងឥណ្ឌាផងដែរ។
គួរបញ្ជាក់ថា ឧស្សហកម្មប្រេងបានផ្ដល់ប្រាក់ចំណូលជាង ៩០ភាគរយនៃពាណិជ្ជកម្មរបស់វេណេស៊ុយអេឡា។ វិស័យមួយនេះត្រូវបានធ្វើជាតិតូបនីយកម្មកាលពីឆ្នាំ២០០១ ដោយអតីតប្រធានាធិបតីលោក ហ៊ូហ្គោ ឆាវែស (Hugo Chavez) ដែលតម្រូវឱ្យក្រុមហ៊ុនបរទេស ទាំងអស់ចូលរួមបណ្ដាក់ទុន ក្រោយការគ្រប់គ្រងរបស់ក្រុមហ៊ុនប្រេងរដ្ឋ PDVSA៕