(ហាណូយ)៖ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក ផាម ប៊ិញមិញ (Pham Binh Minh) បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីម៉ាឡេស៊ី ដោយស្នើសុំឱ្យទីក្រុងគូឡាឡំាពួរ ដោះលែងស្ត្រីជាជនជាតិវៀតណាមម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់បងប្រុសម្ដាយទីទៃ នៃមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណំា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មាន Vietnam News នៅអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៃហ្វូដឌីន អាប់ឌុលឡាហ៍ (Saifuddin Abdullah) នៅថ្ងៃអង្គារសប្ដាហ៍នេះលោក Pham Binh Minh បានបញ្ជាក់ថា ថ្នាក់ដឹកនាំកំពូល និងប្រជាជនវៀតណាមកំពុងទន្ទឹម រង់ចាំការវិវត្តប្រកបដោយភាពវិជ្ជមាន ក្នុងសំណុំរឿងឃាតកម្មលោក គីម ជុងណាំ ហើយថែមទាំងបានស្នើសុំភាគីតុលាការម៉ាឡេស៊ី ធានានូវសវនាការក្ដីដោយយុត្តិធម៌ និងដោះលែងស្ត្រីជាជនជាតិវៀតណាមឈ្មោះ ដ័ន ធីហ័ង (Doan Thi Huong) ឱ្យមានសេរីភាពឡើងវិញ។
គួរបញ្ជាក់ថា នាង Doan Thi Huong មានអាយុ ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទសម្លាប់លោក គីម ជុងណាំ ដោយប្រើប្រាស់សារធាតុគីមីពុល VX នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ ចំណែកឯការស្នើរបស់លោករដ្ឋមន្រ្តីការបរទេសវៀតណាម ធ្វើឡើងបន្ទាប់ពីជនជាប់ជាស្ត្រីឥណ្ឌូណេស៊ី នាង ស៊ីទី អៃស៊ីយ៉ាហ៍ (Siti Aisyah) ត្រូវបានដោះលែងឱ្យមានសេរីភាពក្រោយជាប់ឃុំអស់ ០២ឆ្នាំ។
ជនជាប់ចោទទាំង ០២នាក់ ធ្លាប់បានបដិសេធរាល់ការចោទប្រកាន់ជាមួយការអះអាងថា ពួកគេត្រូវ បោកបញ្ឆោតថា ការសម្លាប់លោក គីម ជុងណាំ គ្រាន់តែជាឈុតឆាកសម្ដែងខ្សែភាពយន្ដប៉ុណ្ណោះ ខណៈកូរ៉េខាងជើងវិញក៏បានបដិសេធការជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះផងដែរ៕