(បរទេស)៖ ទិន្នន័យពីវែបសាយតាមដានជើងហោះហើរជុំវិញពិភពលោក Flightradar24 បានបង្ហាញថា នាពេលនេះសហរដ្ឋអាមេរិក និងកាណាដា គឺជាប្រទេសតែពីរគត់ ដែលនៅមាន Boeing 737 MAX 8 ហោះហើរក្នុងដែនអាកាសរបស់ខ្លួន ខណៈអាជ្ញាធរក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍នៅតាមប្រទេសជាច្រើន បានសម្រេចផ្អាកប្រតិបត្តិការ និងហាមឃាត់ម៉ូដែលយន្តហោះមួយនេះមិនឲ្យហោះទៅប្រទេសពួកគេឡើយ ដោយសារតែការធ្លាក់ពីរករណីកន្លងមកនេះក្នុងកំឡុងពេល ៥ខែ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩។
មកទល់ឥឡូវនេះ គឺមានតែក្រុមអាកាសចរណ៍ចំនួន ០៤ប៉ុណ្ណោះ គឺ American Airlines និង Southwest Airlines របស់អាមេរិក ព្រមទាំង Air Canada និង Westjet របស់កាណាដា ដែលនៅបន្តធ្វើប្រតិបត្តិការហោះហើរ Boeing 737 MAX 8។ គិតត្រឹមខែមករា ឆ្នាំ២០១៩ យន្តហោះ MAX 8 ប្រហែល ៣៥០គ្រឿង ត្រូវបានប្រគល់ឲ្យអាកាសចរណ៍នានានៅទូទាំងពិភពលោក។
ទោះបីជាអាកាសចរណ៍ដែលមានយន្តហោះម៉ូដែលនេះ ព្រមទាំងអាជ្ញាធរអាកាសចរណ៍ភាគច្រើន បានសម្រេចចិត្តហាមឃាត់មិនឲ្យពួកវាហោះហើរក្នុងដែនអាកាស ឬក៏លែងអនុញ្ញាតយន្តហោះ MAX 8 ឡើងនិងចុះនៅលើទឹកដីរបស់ពួកគេក៏ដោយក្តី ក៏អាជ្ញាធរ និងក្រុមហ៊ុនអាកាសចរណ៍អាមេរិក នៅតែជ្រើសរើសបន្តធ្វើប្រតិបត្តិការយន្តហោះនេះជាធម្មតា ខណៈប្រទេសអាកាសចរណ៍ក្នុងប្រទេសសរុបជិត ៥០ បានចេញបម្រាមឲ្យបញ្ឃរជើងយន្តហោះប្រភេទនេះ គិតត្រឹមល្ងាចថ្ងៃពុធ ទី១៣ ខែមីនា (ពេលវេលានៅអាស៊ីអាគ្នេយ៍)។
ជាក់ស្តែងគោលជំហររបស់អាជ្ញាធអាកាសចរណ៍អាមេរិក បានបង្កឲ្យមានការរិះគន់តវ៉ាពីអ្នកនយោបាយ រួមនិងអ្នកដំណើរក៏ដូចជាបុគ្គលិក នៃបណ្តាក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់។ ក្រៅពីសហរដ្ឋអាមេរិក កាណាដាដែលជាអ្នកជិតខាងគ្នា គឺជាប្រទេសមួយទៀត ដែលបានសម្រេចមិនព្រមបញ្ឈរជើងយន្តហោះ Boeing 737 MAX 8 នោះឡើយ។
គួរជម្រាបថា ក្រោយការធ្លាក់យន្តហោះ Boeing 737 MAX 8 ដល់ទៅ ០២ករណី ក្នុងរយៈពេលមិនដល់កន្លះឆ្នាំពីគ្នាផងនោះ និងផ្តាច់ជីវិតមនុស្សទាំងអស់ៗរាប់រយនាក់ អាកាសចរណ៍ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក បានចាប់ផ្តើមផ្អាកការហោះហើរ ឬក៏បិទដែនអាកាសសម្រាប់យន្តហោះម៉ូដែលនេះ ដោយក្នុងនោះរួមមានចិន រុស្ស៊ី កូរ៉េខាងត្បូង ម៉ុងហ្គោលី ឥណ្ឌា អូស្រ្តាលី សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម លីបង់ អេមីរ៉ាត់អារ៉ាប់រួម អេត្យូពី ប្រេស៊ីល ម៉ិចស៊ីកូ អាហ្សង់ទីន នូវែលសេឡង់ អូម៉ង់ តួកគី គុយវែត អាហ្រ្វិកខាងត្បូង ហ្វីជី ព្រមទាំងអឺរ៉ុបជាដើម ដោយប្រមាណជាមួយភាគបីនៃ Boeing 737 MAX 8 ត្រូវបានបញ្ឈប់ប្រតិបត្តិការបណ្តោះអាសន្ន៕