(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកប្រតិបត្តិការហោះហើរទាំងអស់របស់​យន្ដហោះ Boeing ត្រកូល 737 Max បន្ទាប់ពីមានសោកនាកម្មធ្លាក់យន្ដហោះ 737 Max 8 នៅឯប្រទេសអេត្យូពី កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩។

ថ្លែងចេញពីសេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថាការសម្រេចចិត្ត ខាងលើធ្វើឡើងដោយសារតែព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រជាជនអាមេរិក និងប្រជាជននៃបណ្ដាប្រទេសដទៃ។ លោក ត្រាំ បានលើកឡើងនាឱកាសនោះដូច្នេះថា៖ «សុវត្ថិភាពប្រជាជនអាមេរិក និងអ្នករាល់គ្នាគឺជាក្ដីបារម្ភរបស់យើង...ដូច្នេះហើយ រាល់យន្ដហោះ Max 8 និង Max 9 នឹងត្រូវបានផ្អាកប្រតិបត្តិការហោះហើរជាបណ្ដោះអាសន្ន»។ ប៉ុន្តែទន្ទឹមគ្នា ប្រធានាធិបតី អាមេរិករូបនេះក៏បានបង្ហាញក្ដីសង្ឃឹមដែរថាក្រុមហ៊ុន Boeing អាចនឹងឆ្លើយសំណួរពាក់ព័ន្ធនឹងមូលហេតុធ្លាក់យន្ដហោះនៅ អេត្យូពី។

គួរបញ្ជាក់ថា សោកនាកម្មធ្លាក់យន្ដហោះ 737 Max 8 នៅឯប្រទេសអេត្យូពី កាលពីថ្ងៃអាទិត្យ បានផ្ដាច់ជីវិតមនុស្ស១៥៧ នាក់ ហើយវាគឺលើកទី២ហើយ បន្ទាប់ពីយន្ដហោះប្រភេទនេះបានធ្លាក់នៅឥណ្ឌូណេស៊ី កាលពីខែតុលា ឆ្នាំ២០១៨ សម្លាប់ជីវិតមនុស្ស១៨៩នាក់។ ដោយឡែក មកទល់នឹងពេលនេះ មានប្រទេសច្រើនជាង៥០ ក្នុងនោះរួមមានទាំងកាណាដា និងសហរដ្ឋអាមេរិក បានផ្អាករាល់ប្រតិបត្តិការរបស់យន្ដហោះ 737 Max នៅក្នុងដែនអាកាសរបស់ពួកគេ៕