(វែលីងតោន)៖ មកទល់ពេលនេះ​តួលេខ​មនុស្ស​​ស្លាប់​ ជា​ផ្លូវ​ការ​​បាន​កើន​រហូតដល់​ទៅ​​ ៤៩នាក់ និងជាច្រើននាក់ទៀត​រងរបួស នៅក្នុងករណី​​បាញ់ប្រហារ​ពីរ​​កន្លែងខុសគ្នា នៅក្នុង​ទីក្រុង ក្រៃស៍ឆឺច (Christchurch) ដែលស្ថិតនៅ​បណ្តាយឆ្នេរ​ភាគ​ខាង​កើត​ប្រទេស​នូវែលសេឡង់ ខណៈពីដំបូងឡើងមានការអះអាងថា មនុស្សតែចំនួន០៩នាក់​ប៉ុណ្ណោះ​ស្លាប់ និងខ្ទង់ ៥០នាក់​រងរបួស។ នេះបើតាម​​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩។

បើតាមការលើក​ឡើងរបស់លោកស្រី​នាយករដ្ឋមន្រ្តី​នូវែលសេឡង់ ជេស៊ីនដា អាដឺន (Jacinda Ardern) ករណីបាញ់ប្រហារ​យ៉ាងកក្រើក​បែបនេះ គឺជាសកម្មភាព​​ភេរវកម្ម​សុទ្ធសាធ ដែលត្រូវបាន​គ្រោងរៀបចំ​ទុកជាមុនយ៉ាង​ហ្មត់ចត់។ មិនតែប៉ុណ្ណោះ​លោកស្រី ថែម​ទាំងបានសម្តែង​ការ​ចូល​រួម​សោកស្តាយ​ជាខ្លាំង ចំពោះជនរង​គ្រោះ​ទាំងអស់ ​និងថា​សោកនាដកម្មនេះ គឺជាថ្ងៃដ៏ងងឹត​សូន្យសុងបំផុតមួយ​សម្រាប់​ប្រ​ជា​ជាតិ​នូវែលសេឡង់​ទាំងមូល។

គួរជម្រាបថា ព្រះវិហារអ៊ីស្លាម​ចំនួន ០២កន្លែង​នៅក្នុងទីក្រុង Christchurch បានរងការបាញ់ប្រហារ​ពីខ្មាន់កាំភ្លើង​ម្នាក់។ ​ក្នុងឃ្លីប​​វីដេអូមួយបង្ហោះ​លើបណ្តាញទំនាក់ទំនង​សង្គម ខ្មាន់​​កាំ​ភ្លើងម្នាក់នោះ​បានអះអាងថា ខ្លួនជាជន​ជាតិអូស្រ្តាលី និងមាន​ឈ្មោះ ប្រេនតុន តារ៉ានត៍ (Brenton Tarrant) វ័យ ២៨ឆ្នាំ។

នារសៀល​ថ្ងៃសុក្រនេះ (ម៉ោងក្នុង​នូវែលសេឡង់) ជាថ្ងៃដែលអ៊ីស្លាម​សាសនិកត្រូវចូលទៅ​ថ្វាយបង្គំ​ក្នុងព្រះវិហារ ខ្មាន់​កាំភ្លើង​​ខាង​លើ​​​បាន​ចូល​ទៅក្នុងព្រះវិហារ​អ៊ីស្លាម អាល់ ន័រ (AI Noor Mosque) ក្នុងទីក្រុង Christchurch ហើយបានធ្វើសកម្មភាព​បាញ់រះតែម្តង ខណៈមនុស្ស​ប្រហែល ៣០០នាក់ បានមានវត្តមាន​នៅទីនោះ។ រីឯព្រះវិហារ​អ៊ីស្លាម​មួយ​ទៀតនៅលើ​ដងវិថី Linwood ក៏​បាន​​​រង​ការ​វាយប្រហារ​ពីជនដៃដល់​ផងដែរ។ យ៉ាងណាមិញ អត្តសញ្ញាណ​ពិតប្រាកដរបស់ខ្មាន់​កាំភ្លើងរូបនេះ ត្រូវទាន់ត្រូវ​បានបញ្ជាក់ ​ឬ​ទទួលស្គាល់​ដោយប៉ូលិសនូវែលសេឡង់​នៅឡើយទេ ប៉ុន្តែប៉ូលិសបាន​ឲ្យដឹងថា បុរស ០៣នាក់ (រួមទាំង​ជនអះអាងថា ឈ្មោះ​ តារ៉ានត៍​-Tarrant នេះ) និងស្រ្តីម្នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន។

គួរជម្រាបថា ជុំវិញហេតុការណ៍​នេះដែរ ក៏មានការចែកចាយ​នូវឃ្លីបវីដេអូបង្ហាញ​ពីសកម្មភាពបាញ់ប្រហារ​របស់ជនដៃដល់ រួម​ទាំង​​ឯកសារ​ជាច្រើនទំព័រ​​របស់​បុគ្គលរូបនោះ​ផ្ទាល់ ដែលរៀបរាប់​ពី​​ជីវប្រវត្តិ​ក៏ដូចជាមូលហេតុ​នៅពីក្រោយអ្វីដែល​ខ្លួន​គេ​​បាន​ប្រព្រឹត្ត​ផងដែរ៕