(ការ៉ាកាស់)៖ មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido នាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅវេណេស៊ុយអេឡា) បានចាប់ផ្តើមដំណើរទស្សនកិច្ចក្នុងស្រុក ក្រោមគោលដៅបំផុសបំផុលឲ្យមានចលនាប្រជាជន ដើម្បីដាក់សម្ពាធប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ឲ្យចុះចេញពីអំណាច។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩។
លោក Guaido ដែលជាប្រធានរដ្ឋសភាវេណេស៊ុយអេឡា និងបានប្រកាសខ្លួនឯងឡើងជាប្រធានាធិបតីស្តីទីនៃប្រទេសអាមេរិកឡាទីនមួយនេះ ហើយទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសហរដ្ឋអាមេរិក កាណាដា រួមទាំងប្រទេសជាច្រើននៅអាមេរិកខាងត្បូងក៏ដូចជានៅអឺរ៉ុបនោះ បានប្តេជ្ញាថា នាពេលឆាប់ៗខាងមុខ លោកនឹងបានចូលគ្រប់គ្រង Miraflores ដែលជាវិមានប្រធានាធិបតីវេណេស៊ុយអេឡាហើយ។
ថ្លែងនៅចំពោះមុខក្រុមអ្នកគាំទ្ររាប់ពាន់នាក់នាចុងសប្តាហ៍នេះ លោក Guaido បាននិយាយដូច្នេះថា «ពួកយើងនឹងដណ្តើមយកអ្វីជារបស់ប្រជាជនមកវិញ។ លោក ម៉ាឌូរ៉ូ ជឿថា គ្រាន់តែមានបក្ខពួកអន្ធពាលមួយក្រុម និងវិមានប្រធានាធិបតី អាចធ្វើឲ្យខ្លួនលោកក្លាយជាមេដឹកនាំ ប៉ុន្តែតាមពិតទៅ គឺការស្រឡាញ់គាំទ្ររបស់ប្រជាជនយើងទៅវិញទេ ដែលធ្វើឲ្យនរណាម្នាក់ក្លាយជា ប្រធានាធិបតីនៃប្រជាជាតិមួយ ហើយលោក ម៉ាឌូរ៉ូ មិនមានវាឡើយ ដូច្នេះហើយលោកនឹងមិនអាចនៅក្នុងវិមានប្រធានាធិបតីបានយូរប៉ុន្មានទៀតឡើយ»។
គួរជម្រាបថា រយៈពេលប្រមាណជិត០២ខែមកនេះ លោក Guaido បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីប្រឆាំងតទល់ជាមួយ លោក ម៉ាឌូរ៉ូ ក្រោយពីរូបលោកបានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា ក្នុងអំឡុងការជួបជុំមួយជាមួយអ្នកគាំទ្រជាច្រើននាក់ បន្ទាប់ពីលោក ម៉ាឌូរ៉ូ បានស្បថបន្តចូលកាន់តំណែងក្នុងអាណត្តិទីពីរក្រោយឈ្នះឆ្នោត ដោយលោក Guaido បានអះអាងថា ការបោះឆ្នោតនោះគឺមិនស្របច្បាប់៕