(វ៉ាស៊ីនតោន)៖ យោធាសហរដ្ឋអាមេរិកកំពុងពិចារណារក្សាទុកកម្លាំងទ័ពរហូតដល់១,០០០នាក់ នៅក្នុងប្រទេសស៊ីរី ដែលវាគឺកាន់តែឃ្លាតឆ្ងាយទៅៗពីគម្រោងដើមរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់ដកទ័ពចេញទាំងអស់។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មានអាមេរិក The Wall Street Journal ដែលផ្អែកលើប្រភពពីក្រុមមន្រ្តីរដ្ឋាភិបាលអាមេរិក កងទ័ពប្រមាណ១,០០០នាក់នោះ នឹងត្រូវដាក់ពង្រាយពីខាងជើងទៅដល់ខាងត្បូងស៊ីរី ដើម្បីបន្តកិច្ចការងារជាមួយក្រុមអ្នកប្រយុទ្ធឃើដ។ ប៉ុន្តែការដកទ័ពនេះនឹងធ្វើឡើងបន្ទាប់ពីមូលដ្ឋានចុងក្រោយបំផុតរបស់ក្រុមភេរវករ ISIS នៅស៊ីរី ត្រូវបានដណ្តើមយកវិញ ដោយវានឹងស្របទៅតាមគម្រោងដើមរបស់លោក ត្រាំ។
គួរជម្រាបថា កាលពីថ្ងៃទី២១ ខែកុម្ភៈ សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកនឹងរក្សាទុកកងទ័ពប្រហែល២០០នាក់នៅក្នុងទឹកដីស៊ីរី បន្ទាប់ពីមានការប្រកាសដកទ័ពចេញពីប្រទេសមជ្ឈិមបូព៌ានេះ ហើយនៅថ្ងៃបន្ទាប់ លោក ត្រាំ ផ្ទាល់ ក៏បានបញ្ជាក់ផងដែរថា កម្លាំងទ័ពអាមេរិកមួយចំនួនតូច នឹងរក្សាវត្តមាននៅស៊ីរីជាមួយកងទ័ពនៃបណ្តាប្រទេសដទៃទៀត។ ដោយឡែក ក្រោយមកទៀត សារព័ត៌មានអាមេរិកបានរាយការណ៍ថា យោធាអាមេរិកនឹងទុកកងទ័ពប្រមាណ៤០០នាក់នៅក្នុងតំបន់ចំនួនពីររបស់ស៊ីរី។
នៅខែធ្នូ ឆ្នាំ២០១៨ លោក ដូណាល់ ត្រាំ ដោយប្រកាសពីជ័យជម្នះលើពួក ISIS បានប្រកាសពីការដកទ័ពចេញទាំងអស់ពីស៊ីរី ដែលទង្វើនេះបាននាំឲ្យរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក James Mattis លាលែងពីតំណែង៕