(អាហ្វ្រិកខាងត្បូង)៖ បញ្ហាដាច់ចរន្តអគ្គិសនីនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង បានកើនដល់កម្រិតអតិបរមា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរដ្ឋអះអាងថា ខ្លួនបានបាត់បង់ការផលិតបន្ថែម ក្នុងនោះរួមមានទំាងការនាំចូលអគ្គិសនីពីប្រទេសមូហ្សំប៊ិក (Mozambique) ដែលកំពុងជួបភាពរាំងស្ទះថែមទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនអគ្គសនីរដ្ឋ អេសខុម (Eskom) បានបញ្ជាក់ទៀតថា ការកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីត្រូវ បានធ្វើឡើងនៅក្នុងដំណាក់កាលទី ៤ ដោយចំនួននៃកាត់បន្ថយបានឡើងដល់ ៤,០០០ម៉េហ្គាវ៉ាត់ ដោយសារតែការប្រើប្រាស់លើសតម្រូវការ។ រីឯ ការដាច់រន្តអគ្គិសនីនេះបានអូសបន្លាយពេល ០៣ថ្ងៃជាប់ៗគ្នា រាប់ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន។
គួរបញ្ជាក់ថា បើតាមក្រុមហ៊ុន Eskom បញ្ហាពាក់ព័ន្ធនឹងការនាំចូលអគ្គិសនីពីប្រទេស Mozambique បានធ្វើឱ្យបាត់បង់ការផ្គត់ផ្គង់អគ្គិសនី ៩០០ម៉េហ្គាវ៉ាត់ គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ៕