(នូវែលសេឡង់)៖ មេធាវីការពារក្ដីឱ្យជនសង្ស័យភេរវករឈ្មោះ ប្រេនតុន តារ៉ានត៍ (Brenton Tarrant) នៅក្នុងសវនាកាលពីថ្ងៃសៅរ៍កន្លងទៅគឺលោក រីយ៉ាដ ភីធើស៍ (Richard Peters) បានអះអាងថា លោកនឹងលែងការពារក្ដី ឬក៏ធ្វើសកម្មភាពណាមួយសម្រាប់កូនក្ដីរបស់ខ្លួនទៀតនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
ថ្លែងប្រាប់សារព័ត៌មាន Herald លោក Peters បានបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះ Tarrant មានបញ្ញាស្មារតីគ្រប់គ្រាន់ ដឹងហេតុដឹងផល និងមិនមានបញ្ហាផ្លូវចិត្តណាមួយនោះទេ។ មេធាវីរូបនេះបន្ថែមទៀតថា ជនសង្ស័យភេរវកររូបនេះអាចនឹងប្រើប្រាស់សវនាការ នៅលើក្រោយការពារការយល់ឃើញរបស់ខ្លួនឯង ហើយរូបគេក៏មិនបានបង្ហាញការសោកស្ដាយ ឬរំលែកមរណទុក្ខដល់ជនរងគ្រោះដែរ។
គួរបញ្ជាក់ថា ការបាញ់ប្រហារនៅវិហារ អាល់ន័រ (Al Noor) និង លីនវូដ (Linwood) ក្នុងទីក្រុង ក្រៃស៍ឆឺច (Christchurch) បានសម្លាប់មនុស្ស ៥០នាក់ និងជាច្រើននាក់រងរបួស ហើយនាយករដ្ឋមន្ត្រីនូវែលសេឡង់បានចាត់ទុកថា វាគឺជាអំពើភេរវកម្ម។ ចំណែកឯ ជនសង្ស័យឈ្មោះ Brenton Tarrant អាយុ ២៨ឆ្នាំ ត្រូវចោទប្រកាន់ពីបទឃាតកម្ម ក៏ដូចជាត្រូវបង្ហាញខ្លួនក្នុងសវនាការជាថ្មី នៅក្នុងតុលាការជាន់ខ្ពស់នៃទីក្រុង Christchurch នៅថ្ងៃទី០៥ ខែមេសាខាងមុខ៕