(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយរិះគន់នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors ជុំវិញការសម្រេចចិត្តបិទរោងចក្រមួយចំនួននៅសហរដ្ឋអាមេរិក និងនៅកាណាដា ដែលបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ការងារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
យោងតាមសារបង្ហោះនៅលើបណ្តាញសង្គម Twitter លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានជជែកជាមួយ CEO របស់ General Motors លោកស្រី ម៉ារី បារ៉ា (Mary Barra) អំពីការបិទរោងចក្រនៅតំបន់ ឡដស៍ថោន (Lordstown) នៃរដ្ឋអូហៃយ៉ូ (Ohio) ហើយលោកមិនសប្បាយចិត្តនោះឡើយ ចំពោះការដែលរោងចក្ររបស់ក្រុមហ៊ុននេះត្រូវបិទទ្វារ នៅពេលដែលអ្វីៗផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិកកំពុងតែមានភាពប្រសើរឡើង។ នាឱកាសនោះ លោក ត្រាំ ក៏បានស្នើឲ្យលោកស្រី Barra លក់វា ឬក៏ធ្វើអ្វីម៉្យាងឲ្យបានឆាប់ផងដែរ ក៏ប៉ុន្តែលោកស្រីបានទម្លាក់កំហុសបន្តទៅលើសហជីពពលករ UAW Union។
ការបង្ហោះសារខាងលើគឺជាលើកទីបីហើយ ដែលលោកប្រធានាធិបតីអាមេរិក បានបញ្ចេញការមិនពេញចិត្តរបស់លោក ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ជុំវិញការសម្រេចចិត្តរបស់ក្រុមហ៊ុន General Motors ក្នុងការបិទរោងចក្រមួយចំនួននៅក្នុងទឹកដីសហរដ្ឋអាមេរិកក៏ដូចជាកាណាដា ដែលផ្តល់ការងារឲ្យបុគ្គលិកប្រមាណ ១៥,០០០នាក់។
គួរជម្រាបថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុន General Motors បានប្រកាសពីគម្រោងកាត់បន្ថយការងារ ១៥,០០០កន្លែង រួមទាំងគម្រោងបិទរោងចក្រដំឡើងរថយន្តនៅតំបន់ Lordstown ក៏ដូចជានៅរដ្ឋ មីឈីហ្គែន (Michigan) និងនៅខេត្ត អនតារីយ៉ូ (Ontario) របស់កាណាដា ហើយក្រុមហ៊ុនក៏បានប្រកាសផងដែរថា ខ្លួននឹងបិទរោងចក្រផលិតគ្រឿសបន្លាស់ មួយចំនួនថែមទៀតនៅ Michigan និងនៅរដ្ឋ ម៉ារីឡេនដ៍ (Maryland)។ រីឯលោក ត្រាំ វិញ ធ្លាប់បានសន្យាថា ការនាំយកក្រុមហ៊ុនអាមេរិកឲ្យប្រកបអាជីវកម្មនៅក្រៅស្រុក ឲ្យមកចូលក្នុងប្រទេសវិញ ហើយបង្កើតការងារយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ពលរដ្ឋអាមេរិក គឺជាសសរស្តម្ភមួយ នៃគោលនយោបាយសេដ្ឋកិច្ចរបស់លោក៕