(ម៉ានីល)៖ ប្រទេសហ្វីលីពីនបានដកខ្លួនចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជាផ្លូវការហើយកាលពីថ្ងៃអាទិត្យ ពោលគឺមួយឆ្នាំបន្ទាប់ពីបានប្រាប់អង្គការសហប្រជាជាតិថា ខ្លួននឹងដកសមាជិកភាពចេញពីតុលាការអន្តរជាតិដ៏ធំមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
ហ្វីលីពីនបានក្លាយជាប្រទេសទី ២ ដែលបានដកខ្លួនចេញពី ICC ក្រោយពីប្រទេសប៊ូរុនឌីបានដកខ្លួនពីតុលាការអន្តរជាតិ ដែលមានតួនាទីដោះស្រាយរកយុត្តិធម៌ ចំពោះបណ្តឹងពាក់ព័ន្ធបទឧក្រិដ្ឋកម្មដ៏ធំមួយនេះ កាលពីឆ្នាំ២០១៧។ លើសពីនេះទៅទៀត ការដកខ្លួនរបស់ហ្វីលីពីន ត្រូវបានធ្វើឡើងជាការឆ្លើយតបទៅនឹង ICC សម្រាប់ការបើកការស៊ើបអង្កេតបឋមមួយកាលពីឆ្នំា២០១៨ លើឧក្រិដ្ឋកម្មមនុស្សជាតិប្រឆាំងសង្រ្គាមគ្រឿងញៀនរបស់ប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលគេចោទបានផ្ដាច់ជីវិតមនុស្សច្រើនជាង ៥,០០០នាក់។ ប៉ុន្តែទីក្រុងម៉ានីលបានទាត់ចោលរាល់ការចោទ ប្រកាន់ ហើយប្រកាសថានឹងដកខ្លួនចេញពី ICC។
គួរបញ្ជាក់ថា តុលាការអន្តរជាតិ ICC ចាប់ផ្ដើមដំណើរការនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០២ និងមានមូលដ្ឋានក្នុងទីក្រុងឡាអេ ប្រទេសហូឡង់។ តុលារការមួយនេះទទួលខុសត្រូវលើបទឧក្រិដ្ឋកម្មធំៗ ដូចជាអំពើប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងបទឧក្រិដ្ឋកម្មសង្រ្គាមជាដើម។ ក្រោយការដកខ្លួនចេញជាផ្លូវការរបស់ហ្វីលីពីន តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅសល់សមាជិកសរុប ១២៣ប្រទេស៕