(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Wall Street Journal បានឱ្យដឹងថា ក្រសួងដឹកជញ្ជូនអាមេរិក (DOT) កំពុងបើកការស៊ើបអង្កេតមួយលើរដ្ឋបាលអាកាសចរណ៍ (FAA) សម្រាប់ការយល់ព្រមឱ្យយន្ដហោះ Boeing 737 MAX ប្រតិបត្តិការហោះហើរ។ នេះបើ តាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
យោងតាម Wall Street Journal ក្រុមមន្ត្រីអធិការកិច្ចមកពី DOT កំពុងស៊ើបអង្កេតថា តើ FAA ពិតជាបានប្រើប្រាស់ការវិភាគ វិស្វកម្ម និងការរចនានៅក្នុងការបញ្ជាក់ពីប្រព័ន្ធ anti-stall system (ប្រព័ន្ធបញ្ជាចល័តទិសស្វ័យប្រវត្តិ ដើម្បីកុំឲ្យយន្តហោះបាត់បង់ការគ្រប់គ្រង ពេលជួបគ្រោះអាសន្ន) ឬគេស្គាល់ថា MCAS ដែលត្រូវបានគេសង្ស័យថា អាចជា មូលហេតុមួយនៃគ្រោះថ្នាក់ធ្លាក់យន្ដហោះថ្មីៗនេះនៅប្រទេសអេត្យូពី និងឥណ្ឌូណេស៊ី។
លើសពីនេះទៅទៀត របាយការណ៍ដាច់ដោយឡែកមួយទៀត ដែលត្រូវបានចេញផ្សាយដោយសារព័ត៌មាន Seattle Times ក៏បានឱ្យដឹងដែរថា គេបានរកឃើញកំហុសជាច្រើនពាក់ព័ន្ធនឹង Boeing 737 MAX ក្នុងនោះមានដូចជាបញ្ហាប្រព័ន្ធគ្រប់គ្រងការហោះហើរ ដែលបានបរាជ័យក្នុងការគណនាថា តើប្រព័ន្ធវាអាចកំណត់ឡើងវិញដោយខ្លួនឯង យ៉ាងដូចម្ដេច នៅពេលទទួលបានប្រតិកម្មពីពីឡុត និងការមើលស្រាលចំពោះការវាយតម្លៃពីបញ្ហាតូច មុនវាបង្កជាគ្រោះមហន្តរាយធំជាដើម។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមីនា យន្ដហោះ Boeing 737 Max 8 របស់ក្រុមហ៊ុន Ethiopian Airlines បានធ្លាក់នៅអេត្យូពី និងផ្ដាច់ជីវិតមនុស្សទាំងអស់ ១៥៧នាក់ ហើយវាគឺគ្រោះមហន្តរាយលើកទី ២ ដែលមានជាប់ពាក់ព័ន្ធនឹងយន្ដហោះប្រភេទនេះ បន្ទាប់ពីការធ្លាក់នៅឥណ្ឌូណេស៊ីដែលបានសម្លាប់មនុស្ស ១៨៩នាក់។ ម្យ៉ាងវិញទៀត បើតាមសេចក្ដីរាយការណ៍ជាច្រើនមកនេះ ការធ្លាក់យន្ដហោះទាំងពីរនេះមានមូលហេតុស្រដៀងគ្នា ប៉ុន្តែគេត្រូវរង់ចាំលទ្ធផលផ្លូវការចេញពីក្រុមស៊ើបអង្កេតប្រអប់ខ្មៅទាំងពីររបស់អេត្យូពី ពីក្រុមអ្នកជំនាញនៅបារាំងជាមុនសិន៕