(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នាថ្ងៃចន្ទនេះបាននិយាយថា រដ្ឋាភិបាលលោកស្រីបានសម្រេចចិត្តរៀបចំធ្វើកំណែទម្រង់លើច្បាប់គ្រប់គ្រងកាំភ្លើង ក្នុងរយៈពេល ១០ថ្ងៃខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោកស្រី Ardern បានឲ្យដឹងថា ផែនការកំណែទម្រង់ច្បាប់គ្រប់គ្រងអាវុធនេះ ត្រូវបានព្រមព្រៀងគ្នារវាងដៃគូចម្រុះចំនួន ០៣ គឺរវាងគណបក្សពលករនូវែសេឡង់ (New Zealand Labour Party) គណបក្សទីមួយនូវែលសេឡង់ (New Zealand First Party) និងគណបក្សបៃតង (Green Party) ប៉ុន្តែលោកស្រីមិនបានបញ្ជាក់លម្អិត ទាក់ទងនឹងកិច្ចការកែទម្រង់នេះឡើយ។
គួរជម្រាបថា ការផ្តោតចំណាប់អារម្មណ៍លើច្បាប់គ្រប់គ្រងកាំភ្លើងនៅនូវែលសេឡង់ បានកើតមានបន្ទាប់ពីការផ្ទុះករណីបាញ់ប្រហារដ៏អាក្រក់បំផុតមួយនៅឯព្រះវិហារអ៊ីស្លាមចំនួន ០២កន្លែង ក្នុងទីក្រុងក្រៃស៍ឆឺច (Christchurch) ដែលស្ថិតនៅបណ្តោយឆ្នេរភាគខាងកើតប្រទេសដីកោះមួយនេះ ដោយក្នុងហេតុការណ៍មនុស្ស ៥០នាក់បានស្លាប់ និងប្រមាណ ៥០នាក់ទៀតរបួសកាលពីសប្តាហ៍មុន៕