(វ៉ាស៊ីនតោន)៖ ក្រុមបក្សប្រឆាំងវេណេស៊ុយអេឡា បានចូលគ្រប់គ្រងអគារការទូតចំនួន ០៣ របស់វេណេស៊ុយអេឡានៅលើទឹកដីសហរដ្ឋអាមេរិក ហើយមានគោលដៅនឹងបន្តព្យាយាមធ្វើបែបនេះទៀតនាពេលអនាគត ដោយរួមទាំងស្ថានទូតវេណេស៊ុយអេឡាផ្ទាល់។ នេះបើតាមការឲ្យដឹងពីលោក ខាឡូស វ៉ិកឈីអូ (Carlos Vecchio) ជាបេសកជនរបស់មេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្សាន ហ្គៃដូ (Juan Guaido) ប្រចាំនៅអាមេរិកដកស្រង់សម្តីដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។
នាថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅអាមេរិក) លោក Vecchio បានប្រាប់ក្រុមអ្នកសារព័ត៌មាននានាយ៉ាងដូច្នេះថា «ថ្ងៃនេះយើងបានកាន់កាប់អគារការទូតវេណេស៊ុយអេឡាចំនួន ០៣កន្លែង ក្នុងនោះ០២កន្លែងស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនផ្ទាល់ និងមួយទៀតគឺជាកន្លែងផ្តល់សេវាកុងស៊ុល»។ លោក Vecchio បានបញ្ជាក់ថា អគារទាំង ៣ គឺជារបស់រដ្ឋាភិបាលវេណេស៊ុយអេឡា។ រដ្ឋាភិបាលទីក្រុងការ៉ាកាស់ក៏បានទទួលស្គាល់ផងដែរថា បណ្តាការិយាល័យតំណាងផ្នែកការទូតទាំងនេះនៅលើទឹកដីអាមេរិក ត្រូវបានក្រុមបក្សប្រឆាំងដណ្តើមកាន់កាប់ដោយខុសច្បាប់។
បើតាមបេសកជនរូបនេះ អគារមួយក្នុងចំណោមអគារទាំង ០២ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន គឺអគារកិច្ចការយោធា ដែលជារបស់ក្រសួងការពារជាតិវេណេស៊ុយអេឡា ដោយអ្នកគ្រប់គ្រងនៃអគារនេះ គឺលោក ចូស ល្វីស ស៊ីលវ៉ា (Jose Luis Silva Silva) ជាតំណាងយោធារបស់វេណេស៊ុយអេឡាប្រចាំនៅវ៉ាស៊ីនតោន ដែលបានប្រកាសទទួលស្គាល់ លោក Guaido ជាមេដឹកនាំវេណេស៊ុយអេឡា។ ក៏ប៉ុន្តែលោក Vecchio មិនបានបង្ហើបឲ្យដឹងលម្អិតពីអគារទីពីរនៅក្រុងវ៉ាស៊ីនតោនឡើយ ខណៈអគារទីបីគឺជាអគ្គកុងស៊ុលវេណេស៊ុយអេឡានៅញូយ៉ក។ បើតាមលោក Vecchio ក្រុមបក្សប្រឆាំងនឹងបន្តព្យាយាមដណ្តើមកាន់កាប់ ស្ថានទូតវេណេស៊ុយអេឡាតែម្តង ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។
គួរជម្រាបថា សហរដ្ឋអាមេរិករួមជាមួយប្រទេស ៥៤ផ្សេងទៀតដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ បានប្រកាសទទួលស្គាល់លោក Guaido ពេញទំហឹងជាប្រធានាធិបតីស្តីទីនៃប្រទេសវេណេស៊ុយអេឡា និងអំពាវនាវឲ្យរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ រៀបចំការបោះឆ្នោតឡើងវិញដោយមានបក្សប្រឆាំងលោក ហ្គៃដូ ចូលរួមផងដែរ៕