(ហាណូយ)៖ តុលាការមួយនៅក្នុងប្រទេសវៀតណាម បានសម្រេចផ្ដន្ទាទោសប្រហារជីវិតមនុស្ស ០៣នាក់ និងម្នាក់ទៀតដាក់ ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរគ្រឿងញៀន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។
នៅថ្ងៃចន្ទសប្ដាហ៍នេះតុលាការទីក្រុងហាណូយ បានផ្ដន្ទាទោសប្រហារជីវិតស្ត្រី ០២នាក់មានឈ្មោះ វូ ធីធូហៃ (Vu Thi Thu Hoai) និង វូ ធីហៃយ៉េន (Vu Thi Hai Yen) និងបុរសម្នាក់ទៀតឈ្មោះ ឡេ ទ្រុងថាញ់ (Le Trung Thanh) ខណៈស្ត្រីម្នាក់ទៀតឈ្មោះ ផាម ធីហុប (Pham Thi Hop) ត្រូវបានផ្ដន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ហើយអ្នកទាំងអស់នេះសុទ្ធតែមកពីទីក្រុង ហៃផុង (Hai Phong) ភាគខាងជើងប្រទេសវៀតណាម។ ប៉ុន្តែស្ត្រីឈ្មោះ Hop ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ដោយសារតែនាងមានកូនម្នាក់អាយុក្រោម ៣៦ខែ បើទោះបីជា នាងជាមេគំនិតក៏ដោយ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៧ នាង Hop បានប្រើឱ្យនាង Hoai និងនាង Yen ដឹកគ្រឿងញៀនសំយោគមានទម្ងន់ ២.៦គីឡូក្រាមពីទីក្រុង ហូជីមិញ (Ho Chi Minh) ទៅកាន់ទីក្រុង Hai Phong។ តែអ្នកទាំងពីរត្រូវបានប៉ូលិសចាប់ខ្លួននៅឯអាកាសយានដ្ឋាន អន្តរជាតិ ណយបៃ (Noi Bai International Airport) ក្នុងទីក្រុងហាណូយ។ ចំណែកឯ បុរសឈ្មោះ Thanh ក៏បានជួញដូរគ្រឿងញៀន មេតំហ្វេតាមី (Methamphetamine) ក្រោមការរៀបចំរបស់ស្ត្រីឈ្មោះ Hop នេះដែរពីកម្ពុជា ចូលទឹកដីវៀតណាមកាលពីខែវិចិ្ឆកា ឆ្នាំដដែល។
យោងតាមច្បាប់វៀតណាម អ្នកជួញដូរគ្រឿងញៀនហេរ៉ូអ៊ីនមានទម្ងន់ចាប់ពី ៦០០ក្រាម និង Methamphetamine ២.៥គីឡូក្រាមឡើងទៅនឹងត្រូវទទួលការផ្ដន្ទាទោសប្រហារជីវិត ហើយអ្នកផលិត ឬជួញដូរបន្តគ្រឿងញៀនហេរ៉ូអ៊ីន ឬគ្រឿងញៀនខុសច្បាប់ដទៃទៀត ក្នុងទម្ងន់ ៣០០ក្រាម ក៏ត្រូវប្រឈមមុខទោសប្រហារជីវិតដែរ។ ដោយឡែកការលើកលែងទោសប្រហារជីវិតឲ្យមេខ្លោងខាងលើនេះ គឺជាករណីពិសេសកម្រកើតមាន៕