(វ៉ាស៊ីនតោន)៖ ការសិក្សាស្រាវជ្រាវមួយ ចេញផ្សាយដោយសភាពាណិជ្ជកម្មអាមេរិក (United States Chamber of Commerce) នារដ្ឋធានីវ៉ាស៊ីនតោនបានឱ្យដឹងថា ជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក អាចនឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកខាតបង់ជាង «១ទ្រីលាន ឬ ១ពាន់ពាន់លានដុល្លារ» ក្នុងរយៈពេល១០ឆ្នាំ ហើយវាក៏នឹងជះឥទ្ធិពលអាក្រក់ ជាពិសេសគឺបំផ្លាញដល់វិស័យព័ត៌មាន និងបច្ចេកវិទ្យាទូរគមនាគមន៍ (ICT) នៃមហាអំណាចលេខមួយលើលោកមួយនេះផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។
យោងតាមការសិក្សាស្រាវជ្រាវខាងលើ ចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្រោមចំណងជើងថា «ការវាយតម្លៃពីផលប៉ះពាល់ នៃពន្ធលើឧស្សាហកម្មអាមេរិក ICT» វិធានការដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន អាចនឹងបង្កឲ្យផលិតផលក្នុងស្រុកសរុប ឬដែលយើងហៅកាត់ថា GDP អាមេរិកខាតបង់ពី ៤៥ពាន់លានដុល្លារ ដល់ ៦០ពាន់លានដុល្លារនៅក្នុងឆ្នាំដំបូង បន្ទាប់ពីការអនុវត្តការដំឡើងពន្ធ។ មិនតែប៉ុណ្ណោះ វាអាចនឹងកើនពី ៨៩ពាន់លាន ដល់ ១២៥ពាន់លានដុល្លារសម្រាប់ពេល ០៥ឆ្នាំបន្ទាប់ ដែលនេះអាចនឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិកខាតបង់ ១ទ្រីលានដុល្លារ ក្នុងរយៈពេល១០ឆ្នាំ នៃការអនុវត្តការដំឡើងពន្ធនោះ។
គួរបញ្ជាក់ថា ការសិក្សាខាងលើក៏បានព្យករណ៍ផងដែរថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើង ១៥១.៤ពាន់លានដុល្លារ ឬស្មើនឹង ០.២ភាគរយ ពោលគឺទាបជាងការរំពឹងទុកក្នុងឆ្នាំ២០២៥ នៅក្នុងករណីដែលការដំឡើងពន្ធលើផលិតផលចិនក្នុងតម្លៃ ២០០ពាន់លានដុល្លារ ត្រូវបង្កើន ២៥ភាគរយបន្ថែម ហើយចាត់វិធានការសងសឹកវិញមែននោះ៕