(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានបង្ហាញពីការប្តេជ្ញាចិត្តថា លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរារាំងមិនឲ្យខ្មាន់កាំភ្លើងដែលធ្វើការបាញ់ប្រហារនៅទីក្រុង ក្រៃស៍ឆឺច (Christchurch) ទទួលបានភាពល្បីឈ្មោះ ឬក៏ការចាប់អារម្មណ៍ដែលជនរូបនោះស្រេកឃ្លានចង់បាន តាមរយៈការធ្វើទង្វើភេរវកម្មដ៏ឃោរឃៅបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសដែលធ្លាប់តែស្ងប់សុខជាងគេនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩។
លោកស្រីនាយករដ្ឋមន្រ្តីនូវែលសេឡង់បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំយល់ថាពួកយើងគួរតែធ្វើការរារាំងកុំឲ្យបុគ្គលម្នាក់នេះ (ខ្មាន់កាំភ្លើង) ទទួលបានភាពល្បីឈ្មោះតាមរយៈការធ្វើអំពើអាក្រក់ ដែលគេចង់បានឲ្យសោះ។ ជាក់ស្តែងជនរូបនោះមានហេតុផលជាយ៉ាងច្រើន សម្រាប់ការប្រព្រឹត្តអំពើភេរវកម្មយ៉ាងឃោរឃៅបែបនេះ ដោយក្នុងនោះគឺរួមមានការចង់បានមុខមាត់ ពោលគឺចង់ល្បី។ ប៉ុន្តែវាគឺជាអ្វីដែលពួកយើងអាចរារាំងបាន សម្រាប់ខ្ញុំ... ខ្ញុំសូមធានាថា អ្នកទាំងអស់គ្នានឹងមិនលឺខ្ញុំ និយាយពីឈ្មោះរបស់បុគ្គលម្នាក់នេះទៀតឡើយ»។
លោកស្រី Ardern ក៏បានជំរុញឲ្យមហាជនទាំងអស់ដើរតាមជំហានលោកស្រីផងដែរ ហើយទុកឲ្យឈ្មោះរបស់ខ្មាន់កាំភ្លើងម្នាក់នេះ លិចកប់បាត់លែងមានអ្នកណាស្គាល់ទៀត។ លោកស្រីបានលើកឡើងទៀតថា «ខ្ញុំសូមអំពាវនាវដល់អ្នកទាំងអស់គ្នា៖ ចូលនិយាយតែពីឈ្មោះជនបាត់បង់ជីវិតបានហើយ ជាជាងរំលឹកពីឈ្មោះរបស់អ្នកដែលបានឆក់យកជីវិតរបស់ពួកគេ។ ជននេះប្រហែលជាបានព្យាយាមចង់បានភាពល្បីល្បាញ តាមរយៈការធ្វើអំពើអាក្រក់ ប៉ុន្តែយើងទាំងអស់គ្នានៅក្នុងប្រទេសនូវែលសេឡង់ នឹងមិនផ្តល់ឲ្យជននេះជាដាច់ខាត គឺសូម្បីតែឈ្មោះ»។
ជាមួយគ្នានេះ លោកស្រី Ardern ក៏បាននិយាយពាក់ព័ន្ធនឹងឃ្លីបវីដេអូ Livestream របស់ជនដៃដល់ដែលបានថតយក សកម្មភាពបាញ់សម្លាប់មនុស្សរបស់គេថែមទៀតផង ដោយលោកស្រីបានឲ្យដឹងថា អាជ្ញាធរនូវែលសេឡង់បានធ្វើការទាក់ទងជាមួយក្រុមហ៊ុនបណ្តាញសង្គម Facebook ជុំវិញការលុបវីដេអូនេះចោល ព្រោះទោះបីជា Facebook បានលុបចោលប្រមាណ ១.៥លានឃ្លីបក៏ដោយ ក៏វីដេអូនៃសកម្មភាពដ៏អាក្រក់នេះមួយចំនួន នៅតែមានវត្តមានដដែល។
គួរជម្រាបថា កាលពីសប្តាហ៍មុនករណីបាញ់ប្រហារដ៏សាហាវមួយ បានធ្វើឲ្យកក្រើកប្រទេសនូវែលសេឡង់ នៅពេលជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ ប្រេនតុន តារ៉ានត៍ (Brenton Harrison Tarant) អាយុ ២៨ឆ្នាំ ជាជនជាតិអូស្រ្តាលីបានធ្វើសកម្មភាពបាញ់រះ ដោយឥតញញើតដៃទៅលើសាសនិកមូស្លីម ដែលប្រមូលផ្តុំបន់ស្រន់ក្នុងថ្ងៃថ្វាយបង្គំ នៅឯព្រះវិហារចំនួនពីរគឺ អាល់ន៍រ និង លីនវូដ (AI Noor និង Linwood)។
ហេតុការណ៍នេះ បានបណ្តាលឲ្យមនុស្ស ៥០នាក់ស្លាប់ និងជាច្រើននាក់រងរបួស ហើយភ្លាមៗលោកស្រី Ardern បានហៅទង្វើនេះថា ជាទង្វើភេរវកម្ម។ ក្រោយផ្ទុះករណីនេះលោកស្រី Ardern បានបញ្ជាក់ថា ច្បាប់គ្រប់គ្រង់កាំភ្លើងនៅនូវែលសេឡង់ នឹងត្រូវធ្វើកំណែទម្រង់ក្នុងពេលឆាប់ៗខាងមុខ (០៩ថ្ងៃទៀត)៕