(ម៉ូស្គូ)៖ កូរ៉េខាងជើងបានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសចិន និងអង្គការសហប្រជាជាតិ (UN) ឱ្យត្រឡប់មកស្រុកវិញ ដើម្បីពិភាក្សាគ្នាពីការចាត់វិធានការឆ្លើយតបនានា បន្ទាប់ពីព្រមានសហរដ្ឋអាមេរិកថាអាចនឹងពិចារណាលើការអនុវត្តគោល នយោបាយនុយក្លេអ៊ែរឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០១៩។
សារព័ត៌មាន Sputnik ផ្អែកលើសេចក្ដីរាយការណ៍របស់វិទ្យុកូរ៉េខាងត្បូង KBS World បានបញ្ជាក់ ទៀតថាអគ្គរដ្ឋទូត កូរ៉េខាងជើងប្រចាំទីក្រុងប៉េកាំង លោក Ji Jae-ryong និងអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំ UN លោក Kim Song បានជិះ យន្ដហោះនៃជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Air Koryo ត្រឡប់ទៅកាន់ទីក្រុងព្យុងយ៉ាងនៅល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ។
មន្ត្រីទូតជាន់ខ្ពស់ទាំង២នេះបានដើរតួរយ៉ាងសំខាន់នៅក្នុងកិច្ចចរចារំសាយអាវុធនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោន ហើយ បើតាម KBS ការកោះហៅអ្នកទាំង២ទៀតសោត គឺធ្វើឡើងដើម្បីពិភាក្សាពីវិធានការឆ្លើយតបទៅនឹងទណ្ឌកម្មរបស់ សហរដ្ឋអាមេរិក ក៏ដូចជាថាតើទីក្រុងព្យុងយ៉ាងត្រូវបោះជំហានទៅមុខយ៉ាងដូចម្ដេច ក្រោយកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក គីម បរាជ័យនៅវៀតណាមកាលពីចុងខែកុម្ភៈកន្លងទៅ។
គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់ថាកំពុងធ្វើសកម្មភាព ពាក់ព័ន្ធនឹងមីស៊ីលឡើងវិញ ហើយមិនតែប៉ុណ្ណោះសូម្បីតែអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងក៏ធ្លាប់បានព្រមានកាលពីប៉ុន្មានថ្ងៃ មុននេះដែរថានឹងពិចារណាឡើងវិញលើការធ្វើតេស្ដមីស៊ីល និងអាវុធនុយក្លេអ៊ែរ បើសិនជាសហរដ្ឋអាមេរិកមិនព្រមផ្ដល់ សម្បទានណាមួយ ជាពិសេសគឺការបន្ធូរបន្ថយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទេនោះ។
តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅតែមានសុទិដ្ឋិនិយមដដែលលើកិច្ចចរចានុយក្លេអ៊ែរ រវាងប្រទេសទាំង២ ជាមួយការរំពឹងថាលោក គីម ជុងអ៊ុន នឹងគោរពតាមពាក្យសន្យាជាមួយលោក ត្រាំ ដោយនឹងមិនធ្វើតេស្ដ មីស៊ីល ឬអាវុធនុយក្លេអ៊ែរឡើងវិញឡើយ៕