(នូវែលសេឡង់)៖ ប្រទេស​នូវែលសេឡង់នឹងហាមឃាត់រាល់​ការប្រើប្រាស់ ឬកាន់កាប់ប្រភេទ​កាំភ្លើងពាក់កណ្ដាល​ស្វ័យប្រវត្តិ ដែលជនសង្ស័យ​ភេរវករបានយកទៅប្រើ​ក្នុងការធ្វើ​សកម្មភាព​ភេរវកម្មបាញ់សម្លាប់​មនុស្ស ៥០នាក់ នៅឯទីក្រុង​ក្រៃស៍ឆឺច (Christchurch) កាលពីសប្ដាហ៍មុន។ នេះបើតាមនាយករដ្ឋមន្ត្រីនូវែលសេឡង់ ដកស្រង់ចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រី​នូវែលសេឡង់​លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «នៅពេល​នេះ​គឺ ០៦ថ្ងៃហើយបន្ទាប់ពីការវាយប្រហារ យើងសូមប្រកាស​​ហាមឃាត់​រាល់ប្រភេទ កាំភ្លើង​ពាក់កណ្ដាល​​ស្វ័យប្រវត្តិ (MSSA) ឬមាន​លក្ខណៈ​យោធា​​នៅក្នុង​ប្រទេស​​នូវែលសេឡង់... រីឯកាំភ្លើងដែល​ត្រូវ​បានកែច្នៃទៅ​ជាប្រភេទ​កាំភ្លើង MSSA ក៏នឹងត្រូវបានហាមឃាត់ផងដែរ។ លោកស្រីបន្ថែម​ទៀតថា ច្បាប់ថ្មីនេះនឹង​ត្រូវចូលជាធរមាន​នៅថ្ងៃទី១១ ខែមេសា ខាងមុខនេះ។

គួរបញ្ជាក់ថា ក្រោយជនសង្ស័យ​ភេរវករឈ្មោះ ប្រេនតុន តារ៉ានត៍ (Brenton Tarrant) មានអាយុ ២៨ឆ្នាំ និងជាពលរដ្ឋ​អូស្ត្រាលីបានបាញ់​សម្លាប់មនុស្ស ៥០នាក់ នៅក្នុង​វិហារ​អ៊ីស្លាមពីរកន្លែងក្នុងទីក្រុង Christchurch កាលពី​ថ្ងៃសុក្រសប្ដាហ៍​មុន លោកស្រី Ardern បាន​សន្យាថា រដ្ឋាភិបាលរបស់​លោកស្រីនឹងផ្លាស់ប្ដូរច្បាប់​ប្រើប្រាស់ និងកាន់កាប់​កាំភ្លើង​ឡើងវិញ ខណៈជន​ឈ្មោះ Tarrant ត្រូវបានចោទ​ប្រកាន់​ពីបទឃាតកម្ម៕