(សេអ៊ូល)៖ មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន កំពុងសម្លឹងមើល​ការបំពេញ​ដំណើរទស្សនកិច្ច​​ទៅកាន់​ទីក្រុងម៉ូស្គូ ដើម្បី​ស្វែងរកខ្នង​បង្អែក ក៏ដូចជាពង្រឹង​ទំនាក់ទំនង​ឱ្យកាន់តែរឹងមាំ​ជាមួយរុស្ស៊ី បន្ទាប់ពីកិច្ច​ប្រជុំកំពូលជាមួយប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នៅវៀតណាម​កាលពីចុង​ខែកុម្ភៈកន្លង​ទៅ​បរាជ័យ។ នេះបើតាម​អតីតមន្ត្រី​ជាន់​ខ្ពស់ CIA ដកស្រង់ចេញ​ផ្សាយដោយ​ទីភ្នាក់ងារ​ព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។

លោក អានឌ្រូ គីម (Andrew Kim) ដែលបានលាលែងពីតំណែងជា ប្រធាន​ទីភ្នាក់ងារ​ស៊ើបការណ៍សំងាត់អាមេរិក CIA ទទួលបន្ទុក​បេសកកម្ម​កូរ៉េកាលពី​ឆ្នាំ២០១៨ បានធ្វើការកត់សម្គាល់​បែបនេះ នៅអំឡុងកិច្ចប្រជុំបិទទ្វារក្នុងទីក្រុងសេអ៊ូល​កាលពីថ្ងៃពុធ​ ក្រោយពីលោកបានមក​ដល់កូរ៉េខាងត្បូង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

គួរជម្រាបថា ការជជែកគ្នា​យ៉ាងផុលផុសពីដំណើរទស្សនកិច្ច​របស់លោក គីម ជុងអ៊ុន ទៅកាន់​ប្រទេសរុស្ស៊ី បានកើតមានឡើង ជាបន្តបន្ទាប់​កិច្ចប្រជុំកំពូលជាមួយ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នៅវៀតណាមកាលពីចុងខែកុម្ភៈកន្លងទៅបរាជ័យ ។ មិនតែប៉ុណ្ណោះ​ទីក្រុងព្យុងយ៉ាង​ត្រូវបានគេមើលឃើញ​ថា បានរឹតចំណង​មិត្តភាពការទូតកាន់​តែខ្លាំង​ជាមួយទីក្រុង​ម៉ូស្គូ ដោយ​បានបញ្ជូនមន្ត្រីជាន់​ខ្ពស់របស់ខ្លួន ០៣រូប ទៅកាន់ប្រទេស​រុស្ស៊ីនៅក្នុងខែមីនា​នេះ។

ដោយឡែក​​កាលពីថ្ងៃពុធកន្លងទៅនេះ ក៏មានព័ត៌មានបាន​ចេញផ្សាយ​ផងដែរថា កូរ៉េខាងជើង​បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួន​ប្រចាំប្រទេសចិន និងអង្គការ​សហប្រជាជាតិ (UN) ឱ្យត្រឡប់មកស្រុកវិញ ដើម្បីពិភាក្សាគ្នា​ពីការចាត់វិធានការ​ឆ្លើយតបនានា បន្ទាប់ពី​ព្រមានសហរដ្ឋអាមេរិកថា អាចនឹងពិចារណាលើការអនុវត្តគោល នយោបាយនុយក្លេអ៊ែរឡើងវិញផងដែរ៕