(ការ៉ាកាស់)៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចេញផ្សាយរបាយការណ៍មួយឱ្យដឹងថា ធនាគារវិនិយោគ Citigroup មានមូលដ្ឋាននៅសហរដ្ឋអាមេរិក កំពុងមានគម្រោងលក់មាសរាប់តោន ដែលដាក់ជាវត្ថុបញ្ចំាដោយធនាគារកណ្ដាលវេណេស៊ុយអេឡា ដោយសារតែវេណេស៊ុយអេឡា ហួសពេលកំណត់ក្នុងការបង់ប្រាក់ ១.៦ពាន់លានដុល្លារ ដែលបានខ្ចីធនាគារនេះ តាមរយៈការយកមាសទៅតម្កល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
ធនាគារវិនិយោគអាមេរិក Citigroup មានគម្រោងយកមាសរាប់តោន ដែលត្រូវបានយកមកដាក់តម្កល់ដោយធនាគារកណ្តាលវេណេស៊ុយអេឡា ទៅលក់យកលុយសុទ្ធ ដោយសារតែវេណេស៊ុយអេឡាមិនអាចបង់ប្រាក់ ដែលខ្លួនបានជំពាក់ធនាគារ Citigroup ឲ្យទាន់ពេលវេលាកំណត់ ដែលបានផុតតាំងតែពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ មកម្ល៉េះ។
កិច្ចព្រមព្រៀងយកមាសប្តូរយកប្រាក់មកវិញនេះ ត្រូវបានធ្វើឡើងរវាង Citigroup និងធានគារកណ្តាលវេណេស៊ុយអេឡា កាលពីឆ្នាំ២០១៥ ហើយក្នុងនោះទីក្រុងការ៉ាកាស់បានសន្យាថា នឹងសងប្រាក់ដំបូងចំនួន ១.១ពាន់លានដុល្លារ លើប្រាក់ដើមទាំងអស់ ១.៦ពាន់លានដុល្លារដែលខ្លួនបានខ្ចី នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ខណៈទាំងប្រាក់ដើម និងការប្រាក់ដែលនៅសល់ នឹងត្រូវបង់នៅឆ្នាំ២០២០។ បើតាម Reuters ដដែល ធនាគារវិនិយោគអាមេរិកមួយនេះ មានគម្រោងនឹងលក់មាសរាប់តោន ដែលជាទ្រព្យបញ្ចាំរបស់ប្រទេសវេណេស៊ុយអេឡាជាមួយតម្លៃទីផ្សារ ១.៣៥៨ពាន់លានដុល្លារ។
គួរបញ្ជាក់ថា សេចក្ដីរាយការណ៍របស់ Reuters ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចចិត្តដាក់ ទណ្ឌកម្មថ្មីមួយលើក្រុមហ៊ុនមាសវេណេស៊ុយអេឡា ម៉ាញណឺវែន (Minerven) ដែលត្រូវបានចាត់ទុកថា ជាធនធានមួយដ៏សំខាន់ក្នុងការជម្រុញ ឱ្យយោធានៅតែស្មោះស័្មគ្រនឹងលោក នីកូឡាស់ ម៉ាឌូរ៉ូ៕