(ហ្ស៉ឺណែវ)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃពុធសប្តាហ៍នេះ បានបង្ហាញក្តីព្រួយបារម្ភជាខ្លាំង ជុំវិញការដែលសហរដ្ឋអាមេរិកមិនព្រមនិយាយអំពីការទប់ស្កាត់ ការដាក់ពង្រាយសព្វាវុធនៅក្នុងទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩។
ក្នុងឱកាសចូលរួមសន្នីសីទពហុភាគីរបស់អង្គការសហប្រជាជាតិ ស្តីពីបញ្ហានៃការគ្រប់គ្រងការប្រើប្រាស់សព្វាវុធ លោក Lavrov បានលើកឡើងថា វាដល់ពេលហើយដែលត្រូវនិយាយអំពីការដាក់ពង្រាយសព្វាវុធនៅក្នុងទីអវកាស ព្រោះបញ្ហានេះកំពុងតែមានសារៈសំខាន់ខ្លាំងឡើងៗ ដើម្បីទប់ស្កាត់ការរត់ប្រណាំងសព្វាវុធនៅទីអវកាសថែមមួយទៀត។
បើតាមលោករដ្ឋមន្រ្តីការបរទេសរុស្ស៊ី សហរដ្ឋអាមេរិកបានប្រកែកមិនជជែកចរចា អំពីការរារាំងមិនឲ្យមានការដាក់ពង្រាយអាវុធនៅក្នុងទីអវកាសឡើយ ហើយមិនតែប៉ុណ្ណោះជំនួសឲ្យការឆ្លើយតបដែលប្រកបដោយភាពស្ថាបនា បែរជាមានការលើកឡើងអំពីការបន្តធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ ការដាក់ពង្រាយប្រព័ន្ធវាយប្រហារនៅទីអវកាស និងសូម្បីតែអំពីលទ្ធភាពនៃជម្លោះនុយក្លេអ៊ែរទៅវិញ។ លោក Lavrov បានអះអាងថា អាមេរិកបានត្រៀមលុយរួចស្រេចទៅហើយ សម្រាប់ការអភិវឌ្ឍអាវុធអវកាស។
គួរជម្រាបថា ក្រៅពីនេះលោក Sergei Lavrov ក៏បានសម្តែងក្តីព្រួយបារម្ភជុំវិញវិបត្តិនៃសន្ធិសញ្ញាសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ Intermediate-Range Nuclear Forces ហៅកាត់ថា INF ដែលទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើម ដំណើរការដកខ្លួនចេញកាលពីដើមខែកុម្ភៈកន្លងទៅផងដែរ ព្រោះវាប្រាកដណាស់ជាការត្រៀមខ្លួនរត់ប្រណាំងសព្វាវុធប្រភេទនេះឡើងវិញ រវាងមហាអំណាចយោធាកំពូលៗទាំងពីរ៕