(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ទទួលបានការកើនឡើងប្រជាប្រិយភាពឡើងវិញក្នុងសប្តាហ៍នេះ ក្រោយពីលោកបានបញ្ជាឲ្យបើកការស៊ើបអង្កេតយ៉ាងល្អិតល្អន់ ទៅលើអំពើពុករលួយកាលពីអតីតកាល ដែលមានជាប់ពាក់ព័ន្ធជាមួយបុគ្គលៗមានឥទ្ធិពល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។
យោងតាមលទ្ធផលស្ទង់មតិរបស់ ក្រុមហ៊ុនស្រាវជ្រាវកូរ៉េ Gallup Korea ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ក្នុងសប្តាហ៍នេះទទួលបានកម្រិតប្រជាប្រិយភាពកើនឡើងដល់ ៤៥ភាគរយ ខណៈអត្រានៃប្រជាជនដែលបានវាយតម្លៃបែបអវិជ្ជមាន ទៅលើការចាត់ចែងកិច្ចការជាតិក៏ដូចជាទៅលើរបៀបដឹកនាំប្រទេសរបស់លោក មូន បានថយចុះទៅវិញ។ លទ្ធផលនេះត្រូវបានសម្រេចចេញ ដោយផ្អែកលើការស្ទាបស្ទង់មតិមួយនៃអ្នកចូលរួមប្រមាណ ១,០០២នាក់ ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរជម្រាបថា ការសន្ទុះឡើងនៃសំឡេងគាំទ្រឡើងវិញនេះ បានកើតមានឡើងបន្ទាប់ពីលោក មូន បានបង្គាប់ឲ្យមន្ត្រីប៉ូលិស និងរដ្ឋអាជ្ញាកូរ៉េខាងត្បូង បើកការស៊ើបអង្កេតឲ្យបានហ្មត់ចត់ ទៅលើករណីអំពើពុករលួយកាលពីអតីតកាល ដែលមានជាប់ទាក់ទិនទាំងជាមួយអតីតអនុរដ្ឋមន្រ្តីយុត្តិធម៌កូរ៉េខាងត្បូង ព្រមទាំងបណ្តាថ្នាក់ដឹកនាំនៃស្ថាប័នសារព័ត៌មានក្នុងស្រុក ដ៏មានឥទ្ធិពលមួយជាដើម៕