(វែលីងតោន)៖ មានការព្រមានធ្វើឃាតនាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅតាមបណ្តាញទំនាក់ទំនងសង្គម ហើយពេលនេះប៉ូលិសនូវែលសេឡង់កំពុងតែបើកការស៊ើបអង្កេតហើយ ដើម្បីស្វែងរកម្ចាស់គណនី Twitter ដែលបានបង្ហោះសារ និងរូបភាពគម្រាមដល់អាយុជីវិតមេដឹកនាំប្រទេសនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩។
សារដែលត្រូវបានបង្ហោះដោយគណនី Twitter មួយ (មិនត្រូវបានបញ្ជាក់ឈ្មោះ) គឺបានសរសេរថា «អ្នកជាមនុស្សបន្ទាប់ ឬ You are next» ដោយអមជាមួយរូបភាពកាំភ្លើងមួយដើម ភ្ជាប់ជូនទៅឲ្យលោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់ ដែលកំពុងតែសកម្មក្នុងការស៊ើបអង្កេត និងការពារសុវត្ថិភាពជនម៉ូស្លីម ក្រោយការវាយប្រហារយ៉ាងសាហាវ នៅក្នុងព្រះវិហារអ៊ីស្លាមពីរកន្លែងនៅក្នុងទីក្រុង ក្រៃស៍ឆឺច ដែលបានសម្លាប់ជីវិតមនុស្ស៥០នាក់ និងរាប់សិបនាក់ទៀតរងរបួសកាលពីសប្តាហ៍មុន។
គួរបញ្ជាក់ថា គណនី Twitter ដែលបង្ហោះសារគម្រាមថ្នាក់ដឹកនាំប្រទេសនូវែលសេឡង់ខាងលើនេះត្រូវសមត្ថកិច្ចពិនិត្យ និងរកឃើញថា មានបង្ហោះសារប្រកបដោយអត្ថន័យស្អប់ខ្ពើមជាច្រើនប្រឆាំងនឹងសាសនាអ៊ីស្លាម ប៉ុន្តែវាត្រូវបានផ្អាក (Supended) បាត់ទៅហើយ។ ខណៈនេះប៉ូលិសនូវែលសេឡង់កំពុងតែធ្វើការស៊ើបអង្កេត ដើម្បីស្វែងរកម្ចាស់អាខោនមួយនេះ។ ដោយឡែកកាលពីព្រឹកថ្ងៃសុក្រនេះដែរ លោកស្រី ចេស៊ីនដា អាដឺន បានថ្លែងថា ចាប់ពីថ្ងៃនេះទៅជនម៉ូស្លីមទាំងអស់នឹងមានសុវត្ថិភាពពេញលេញ ក្រោមការសន្តិសុខយ៉ាងល្អប្រសើរបំផុត ពីសំណាក់សមត្ថកិច្ចប្រទេសដីកោះមួយនេះ៕