(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ទំនងជានឹងនៅតែបន្តកាន់តំណែងជា មេដឹកនាំប្រទេសថៃដដែល ក្រោយពីចំនួនអាសនៈ ដែលគណបក្ស ផាឡាង ប្រាឆារ៉ាត (Palang Pracharath ឬ PPRP) ទទួលបានក្នុង ការបោះឆ្នោតនាថ្ងៃអាទិត្យ គឺលើសពីការរំពឹងមនុស្សរបស់ មនុស្សគ្រប់គ្នា ទោះបីជា គណបក្សភឿថៃ (Pheu Thai) បានឈ្នះអសនៈ ច្រើន ជាងគេក៏ដោយ ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។
បើតាមលទ្ធផលក្រៅផ្លូវការ នៃការរាប់សន្លឹកឆ្នោតដែលបានចុះផ្សាយលើសារព័ត៌មាន បាងកកប៉ុស្តិ៍ គណបក្ស Pheu Thai ឈរលេខរៀងទី១ ដោយទទួលបាន ១៣០អាសនៈ, ខណៈគណបក្ស PPRP ឈរនៅលេខរៀងទីពីរជាមួយ ១២១អាសនៈ និងតាមពីក្រោយដោយគណបក្សអនាគតទៅមុខ (Future Forward Party) ដែលទទួលបាន ៧៨អាសនៈ ព្រមទាំងគណបក្សភូមិចៃថៃ (Bhumjaithai) និងគណបក្ស ប្រជាធិបតេយ្យ (Democratic Party) ដែលទទួល បាន ៤៩អាសនៈដូចៗគ្នា។
ទោះជាបែបនេះក្តី យោងតាមលទ្ធផលក្រៅផ្លូវការ ខាងលើដដែល គណបក្ស PPRP ដែលស្និទ្ធនឹងយោធាថៃ ទទួលបានសំឡេងឆ្នោតគាំទ្រសរុប ៧,៦៨១,៧១៨សន្លឹក ខណៈបក្ស Pheu Thai ទទួលបានសំឡេងឆ្នោតគាំទ្រចំនួន៧,២១៣,៤៦៧សន្លឹក។ ហេតុដូចនេះគណបក្ស PPRP អាចនឹងទទួលបាន អាសនៈបន្ថែម ដែលគេហៅថា (Party-list Seat) ច្រើនជាង គណបក្ស Phue Thai។
គួរជម្រាបថាប្រសិនបើក្រុមគណបក្សគាំទ្រ ប្រជាធិបតេយ្យដូចជា Pheu Thai និង Future Forward ជាដើម មិនអាចប្រមូលផ្តុំ អាសនៈបាន យ៉ាងតិច ២៥១សំឡេង ឬក៏ពាក់កណ្តាល នៃអាសនៈ ទាំង៥០០ទេនោះ គណបក្ស Pheu Thai នឹងមិនងាយបង្កើតរដ្ឋាភិបាលចេញឡើយ ហើយបក្ស PPRP នឹងត្រូវក្លាយ ជាអ្នកបង្កើតរដ្ឋាភិបាលជំនួសវិញ ដោយសារតែមានអំណាចចរចាខ្លាំងជាងបក្សដទៃទៀត ដែលនេះជាប្រព័ន្ធបោះឆ្នោតរបស់ប្រទេសថៃ៕