(បាងកក)៖ ស្ថានទូតថៃ​ប្រចាំប្រទេសនូវែលសេឡង់ បានបង្ហាញការសោកស្ដាយជាខ្លាំង ចំពោះការទុកសន្លឹកឆ្នោតរបស់ប្រជាជនថៃ រស់នៅក្នុងប្រទេសនូវែលសេឡង់ជាមោឃៈ ខណៈដែលពួកគេបានចូលរួមក្នុងការបោះឆ្នោតមុនកាលកំណត់ ហើយសន្លឹកឆ្នោត​ទាំង​នោះត្រូវបានបញ្ជូនមកប្រទេសថៃយឺតពេល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃចន្ទនេះ អគ្គរាជទូតថៃប្រចាំ​ប្រទេសនូវែលសេឡង់ លោក ដាណៃ មេណាបូឌី (Danai Menabodhi) បានឱ្យដឹងថា ស្ថានទូតបានរៀបចំការបោះឆ្នោតមុន​កាលកំណត់កាលពីថ្ងៃ៤ រហូតដល់ ថ្ងៃទី១៦ ខែមីនា មុននឹងការបោះឆ្នោតសកល​ក្នុងប្រទេសថៃត្រូវបានធ្វើឡើង​កាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា។ ប៉ុន្តែសន្លឹកឆ្នោតជាង ១,៥០០សន្លឹក របស់ប្រជាជនថៃនៅនូវែលសេឡង់ ត្រូវបានប្រកាសទុកជាមោឃៈ ដោយសារតែការបញ្ជូនសន្លឹកឆ្នោតទាំងនេះ មានភាពយឺតយ៉ាវ ពោលគឺមិនបានមកដល់ប្រទេសថៃ មុនការិយាល័យបោះឆ្នោតបិទទ្វារ​កាលពីថ្ងៃអាទិត្យ។

លោក Danai បានបន្ថែមទៀតថា ការបញ្ជូនសន្លឹកឆ្នោតត្រឡប់មកកាន់ប្រទេសថៃវិញ គឺហួសពីការគ្រប់គ្រងរបស់ស្ថានទូត ខណៈបើតាមការគ្រោងទុក សន្លឹកឆ្នោតត្រូវបញ្ជូនមកដល់នៅថ្ងៃទី១៩ ខែមីនា។ ចំណែកឯ ការយឺតយ៉ាវនេះត្រូវបានគេបន្ទោសថា បណ្ដាលមកពីភាពស្មុគស្មាញក្នុងការដឹកជញ្ជូន និងការពន្យារពេលហោះហើរ ពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣។

គួរបញ្ជាក់ថា ប្រតិកម្មរបស់អគ្គរាជទូតថៃប្រចាំប្រទេសនូវែលសេឡង់ កើតមានឡើងបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតថៃបានប្រកាសថា សន្លឹកឆ្នោតប្រមាណជាង ១,៥០០សន្លឹក មកពីនូវែលសេឡង់ ដែលនឹងបញ្ជូនមកដល់ប្រទេសថៃ មិនអាចរាប់បាននោះទេ ហើយនេះអាចធ្វើឱ្យសន្លឹកឆ្នោតទាំងនេះ ត្រូវប្រកាសទុកជាមោឃៈ ដោយផ្អែកលើច្បាប់បោះឆ្នោត។

យោងតាមច្បាប់បោះឆ្នោតថៃ សន្លឹកឆ្នោតនៃការបោះឆ្នោតមុនកាលកំណត់ សម្រាប់ប្រជាជនថៃនៅក្រៅប្រទេស នឹង ត្រូវបានចាត់ទុកជាសន្លឹកឆ្នោតមិនបានការ បើសិនជាមិនត្រូវបានបញ្ជូនមកដល់ការិយាល័យបោះឆ្នោត ឱ្យបានមុន ការិយាល័យបោះឆ្នោតទាំងអស់បិទទ្វារនៅម៉ោង ៥៖០០នាទីល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩៕