(ប្រេស៊ីល)៖ អតីតប្រធានាធិបតីប្រេស៊ីល លោក មីឈែល ធីមើ (Michel Temer) និងមនុស្សជំនិតរបស់លោក ០៧នាក់ផ្សេងទៀតត្រូវបាន ដោះលែងចេញពីពន្ធនាគារ​ហើយនៅថ្ងៃចន្ទនេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីត្រូវបានចាប់ខ្លួនពីបទពុករលួយ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។

លោក Temer និងអតីតរដ្ឋមន្ត្រីរ៉ែ និងថាមពល លោក ម៉ូរៃរ៉ា ហ្វ្រាន់កូ (Moreira Franco) រួមទាំងមនុស្សជំនិត ០៦នាក់ទៀតរបស់លោក ត្រូវបានចៅក្រមសហព័ន្ធលោក អាន់តូនីញ៉ូ អ៊ីវ៉ាន អាធី (Antonio Ivan Athie) សម្រេចដោះលែងដោយសំអាងថា ការសម្រេចចិត្តនេះធ្វើឡើងដោយយោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីសិទ្ធិជនសង្ស័យក្នុងការស្ថិតនៅក្រៅឃុំ ខណៈកំពុងរង់ចាំសវនាការ។

គួរបញ្ជាក់ថា លោក Michel Temer ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បន្ទាប់ពីអស់អំណាចរយៈពេលជាង ៨០ថ្ងៃមកនេះ ពីបទពុករលួយពាក់ព័ន្ធនឹង​ក្រុមហ៊ុនថាមពលមួយ ដែលទទួលបានកិច្ចសន្យា​ពីរដ្ឋាភិបាលរបស់លោក សាងសង់រោងចក្រថាមពល។ ប៉ុន្តែអំឡុងពេលសួរចម្លើយ អតីតប្រធានាធិបតីរូបនេះ​បានសម្រេចចិត្តនៅស្ងៀម ដោយមិនព្រមឆ្លើយសំនួរអ្វីទាំងអស់។

លោក Temer គឺជាអតីតប្រធានាធិបតីប្រេស៊ីលត្រូវបានចាប់ខ្លួន ក្រោមប្រតិបត្តិការបោសសម្អាតមួយមានឈ្មោះថា Operation Car Wash ស្របពេលអតីតប្រធានាធិបតីម្នាក់ទៀត គឺលោក ល្វីស អ៊ីណាស៊ីយ៉ូ លូឡា ដឺស៊ីលវ៉ា (Luiz Inacio Lula da Silva) កំពុងទទួលការអនុវត្ត ទោសជាប់ពន្ធនាគារ ១២ឆ្នាំ និងមួយខែពីបទពុករលួយ។

លោក Temer បានឡើងកាន់អំណាចជាប្រធានាធិបតីប្រេស៊ីលនៅពាក់កណ្ដាលឆ្នាំ២០១៦ ក្រោយអតីតប្រធានាធិបតី លោកស្រី ឌីម៉ា រួស្សេហ្វ (Dilma Rousseff) ត្រូវដកតំណែង ហើយលោក ហ្សៃ បូលសូណារ៉ូ (Jair Bolsonaro) គឺជាប្រធានាធិបតីបច្ចុប្បន្ន​កំពុងកាន់តំណែង​នៅប្រេស៊ីល ចាប់តាំងពីថ្ងៃទី១ ខែមករាកន្លងទៅនេះ ក្រោយលោកឈ្នះឆ្នោត និងស្បថឡើងកាន់តំណែង៕