(ឡុងដ៍)៖ សាស្រ្តចារ្យផ្នែកនយោបាយម្នាក់បានលើកឡើងថា ការបិទបញ្ចប់ជាស្ថាពរនូវ ការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាពិសេសអាមេរិក អាចនឹងជួយត្រួសត្រាយផ្លូវដើម្បីឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បន្តជាប់ឆ្នោត នៅឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik រសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩។
ក្រោយការស្រាវជ្រាវអស់រយៈពេល ២២ខែ រដ្ឋអាជ្ញាពិសេសអាមេរិក លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ទីបំផុតបានបញ្ចប់ជាស្ថាពរនូវរបាយការណ៍របស់លោក ជុំវិញការស៊ើបអង្កេតលើរឿងអាស្រូវធំមួយ ដែលបានចោទថារុស្ស៊ី លូកដៃក្នុងកិច្ចការឆ្នោះអាមេរិកឆ្នាំ២០១៦ ហើយក្នុងរបាយការណ៍នេះពុំបានរកឃើញថា លោក ត្រាំ ឬក៏សមាជិកណាម្នាក់ នៅក្នុងក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក បានគុបគិតជាមួយរុស្ស៊ី ដើម្បីជះឥទ្ធិពលលើលទ្ធផលនៃ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ឡើយ។
គួរជម្រាបថា បើតាមលោក ក្លូដាក ហារីងតុន (Clodagh Harrington) ដែលជាសាស្រ្តាចារ្យជំនាញផ្នែកនយោបាយ នៃសាកលវិទ្យាអង់គ្លេស ម៉ុនហ្វត (Montfort) បានលើកឡើង លទ្ធផលនៃការស៊ើបអង្កេតខាងលើនឹងជួយលោក ដូណាល់ ត្រាំ បង្កើនការគាំទ្រក៏ដូចជាឱកាសសម្រាប់ឲ្យលោក បន្តកាន់តំណែងជាប្រធានាធិបតីអាមេរិកមួយអាណត្តិទៀត ដែលមានន័យថាលោកមានភាគរយច្រើន ក្នុងការឈ្នះឆ្នោតម្តងទៀតនៅឆ្នាំ២០២០ ខាងមុខ៕