(ព្យុងយ៉ាង)៖ ក្នុងការបញ្ចេញមតិជាផ្លូវការលើកដំបូង ជុំវិញករណីជនមួយបិទមុខក្រុម សម្រុកចូលលុកលុយស្ថានទូតរបស់ខ្លួន នៅប្រទេសអេស៉្បាញកាលពីខែមុន អ្នកតំណាងមួយរូបនៃក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា វាគឺជាសកម្មភាពវាយប្រហារភេរវកម្មដ៏ធ្ងន់ធ្ងរមួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩។
អ្នកតំណាងក្រសួងការបរទេសកូរ៉េខាងជើង ក៏បានអំពាវនាវឲ្យមានការសង្កេតលើករណីនេះផងដែរ ហើយបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាង កំពុងតាមដានមើលស្ថានការណ៍យ៉ាងដិតដល់ ទាក់ទងនឹងការលើកឡើងថា ទីភ្នាក់ងារស៊ើបអង្កេត FBI របស់សហរដ្ឋអាមេរិក ព្រមទាំងក្រុមប្រឆាំងកូរ៉េខាងជើងមួយក្រុម ស្ថិតនៅពីក្រោយសកម្មភាពនេះ។ យ៉ាងណាមិញ ការស៊ើបអង្កេត គឺបានប្រព្រឹត្តទៅរួចជាស្រេចហើយនៅអេស៉្បាញ។
អ្នកតំណាងខាងលើបាននិយាយដូច្នេះទៀតថា «ការសម្រុកចូលនិងកាន់កាប់ដោយខុសច្បាប់ ក៏ដូចជាការលួចយកព័ត៌មាន ក្នុងទីតាំងបេសកកម្មការទូត គឺជាការបំពានដ៏ធ្ងន់ធ្ងរមួយចំពោះអធិបតេយ្យភាពរបស់ប្រទេសមួយ និងជាបទល្មើសជាក់ស្តែង ទៅនឹងច្បាប់អន្តរជាតិ ហើយទង្វើបែបនេះមិនគួរអត់ឱនឲ្យជាដាច់ខាត នៅជុំវិញពិភពលោក»។
គួរជម្រាបថា កាលពីថ្ងៃពុធ តុលាការជាន់ខ្ពស់អេស្ប៉ាញ បានរកឃើញថា មេដឹកនាំម្នាក់នៃក្រុមជនមុខប្រមាណ១០នាក់ ដែលបានវាយប្រហារ និងសម្រុកចូលក្នុងស្ថានទូតកូរ៉េខាងជើងប្រចាំទីក្រុងម៉ាឌ្រីដ កាលពីខែកុម្ភៈកន្លងទៅ គឺបានទាក់ទងជាមួយ FBI របស់អាមេរិក ដើម្បីប្រគល់ព័ត៌មានដែលពួកគេលួចបានពីស្ថានទូត ខណៈក្រុមប្រឆាំងរបបដឹកនាំទីក្រុងព្យុងយ៉ាងហៅថា Free Joseon បានចេញមុខអះអាងថា ការចូលលុកលុយស្ថានទូតកូរ៉េខាងជើងនៅអេស៉្បាញ គឺជាទង្វើរបស់ពួកគេ៕