(គូឡាឡាំពួ)៖ តុលាការម៉ាឡេស៊ី នៅថ្ងៃចន្ទនេះ បានសម្រេចចិត្តផ្តន្ទាទោសស្ត្រីវៀតណាមម្នាក់នៅក្នុងសំណុំរឿងឃាតកម្ម លើបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ដាក់ពន្ធនាគារ៣ឆ្នាំ និង៤ខែ បន្ទាប់ពីរូបនាងព្រមសារភាពពីទោសកំហុស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។
ជាមួយគ្នានោះដែរ បើតាមព្រះរាជអាជ្ញាលោក អ៊ីសកាន់ដារ អាហ៍ម៉េដ (Iskandar Ahmad) លោកទទួលបានការបង្គាប់ពី អគ្គព្រះរាជអាជ្ញាឲ្យផ្តល់ជម្រើសនៃការចោទប្រកាន់ដែលមានទម្ងន់ទោសស្រាលជាងមុនសម្រាប់នាង ដន ធីហ័ង (Doan Thi Huong) មានអាយុ២៩ឆ្នាំ ដែលជាជនសង្ស័យ។ ដោយឡែក មេធាវីរបស់នាង Huong ក៏បានបញ្ជាក់ថាការសារភាព ទទួលទោសកំហុសនេះ គឺមានន័យថាកូនក្ដីរបស់ខ្លួនព្រមទទួលខុសត្រូវចំពោះសកម្មភាពដែលបានប្រព្រឹត្ត និងសាកសម ទទួលបានការបន្ធូរបន្ថយទោស ដ្បិតជនជាតិកូរ៉េខាងជើង៤នាក់ដែលកំពុងរត់គេចខ្លួន ទើបជាឃាតកពិតប្រាកដ។
គួរជម្រាបថា បងប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ ត្រូវបានគេសម្លាប់ដោយអាវុធគីមី VX នៅឯអាកាសយានដ្ឋានគូឡាឡាំពួកាលពីឆ្នាំ២០១៧។ ពីដំបូងឡើយជនសង្ស័យគឺមាន ០២នាក់ រួមមាននាង Huong និងម្នាក់ទៀតជាស្រ្តីជនជាតិឥណ្ឌូណេស៊ី ប៉ុន្តែទើបត្រូវបានដោះលែងឲ្យមានសេរីភាពនាពេលថ្មីៗនេះវិញហើយ៕