(ហាណូយ)៖ ម្តាយរបស់ស្រ្តីវៀតណាម ដែលជាប់ចោទក្នុងសំណុំរឿងឃាតកម្មលើ លោក គីម ជុងណាំ បានសម្តែងក្តីរីករាយជាខ្លាំង ដែលកូនស្រីរបស់ខ្លួន បានរួចផុតពីទោសប្រហារជិវិត ហើយអ្នកម្តាយរូបនេះទោះត្រូវជាម្តាយចុងក៏ដោយក្តី បានលើកទឹកចិត្តឲ្យកូនស្រីតស៊ូអត់ទ្រាំបន្តិចទៀត ព្រោះថានាងអាចនឹងត្រូវដោះលែងឲ្យមានសេរីភាព នៅខែឧសភាខាងមុខនេះហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។
នាង ដន ធីហ័ង (Doan Thi Huong) បានរួចផុតពីទោសប្រហារជីវិតនាថ្ងៃចន្ទនេះ បន្ទាប់ពីការចោទប្រកាន់មកលើរូបនាង ត្រូវបានបន្ធូរបន្ថយពីបទមនុស្សឃាតមកនៅត្រឹមពីបទប្រើប្រាស់របស់គ្រោះថ្នាក់ ទៅវាយប្រហារលើអ្នកដទៃវិញ នៅក្នុងសំណុំរឿងឃាតកម្មលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ជុំវិញដំណឹងនេះ ម្តាយចុងរបស់នាងឈ្មោះថា ង្វៀន ធីវី (Nguyen Thi Vy) បានសម្តែងការត្រេកអរជាខ្លាំង និងទទូចឲ្យកូនស្រីខំស៊ូទ្រាំបន្តិចទៀត។
មេធាវីរបស់នាង Huong ធ្លាប់បានស្នើឲ្យម៉ាឡេស៊ីទម្លាក់ចោល រាល់ការចោទប្រកាន់ប្រឆាំងនឹងរូបនាងតែម្តង បន្ទាប់ពីជនជាប់ចោទម្នាក់ទៀត ដែលជាស្រ្តីជនជាតិឥណ្ឌូណេស៊ីឈ្មោះ ស៊ីទី អៃស៊ីយ៉ាហ៍ (Siti Aisyah) នៅសុខៗស្រាប់តែត្រូវបានដោះលែង ឲ្យមានសេរីភាពកាលពីខែមុន។
ដោយឡែកនាង ធីហ័ង ក្រោយពីបានឆ្លើយសារភាពព្រមទទួលទោស ចំពោះការចោទប្រកាន់ថ្មីដែលមានកម្រិតស្រាលជាងមុន នាថ្ងៃចន្ទនេះតុលាការម៉ាឡេស៊ី បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារនាង Huong រយៈពេល ០៣ឆ្នាំ និង០៤ខែ ប៉ុន្តែរយៈពេលនេះ គឺគិតបញ្ចូលទាំងពេលដែលនាងត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំ២០១៧ ដូច្នេះហើយបើតាមមេធាវីនាងទំនងជានឹងទទួលបានសេរីភាពឡើង វិញនៅដើមខែឧសភា ឆ្នាំនេះតែម្តង។
គួរជម្រាបថា ទាក់ទិនករណីឃាតកម្មលើលោក គីម ជុងណាំ ស្រ្តីទាំងពីរនាក់ខាងលើ បានអះអាងម្តងហើយម្តងទៀតថា ពួកគេត្រូវបានគេបោកបញ្ឆោតឲ្យសម្លាប់លោក គីម ជុងណាំ ដោយមិនដឹងខ្លួននៅឯអាកាសយានដ្ឋានគូឡាឡាំពួ ព្រោះពួកគេជឿថា វាគឺជាសកម្មភាពនោះគឺសម្រាប់កម្មវីធីលេងសើច ក្នុងប៉ុស្តិ៍ទូរទស្សន៍មួយប៉ុណ្ណោះ៕