(ម៉ូស្គូ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរិះគន់យ៉ាងខ្លាំងលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់ការប្រកាសទទួលស្គាល់តំបន់ Golan Heights ជារបស់អ៊ីស្រាអែលដោយមិនខ្វល់ពីប្រតិកម្ម
អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី០១ ខែមេសា ឆ្នាំ២០១៩។
ថ្លែងនាឱកាសចូលរួមកិច្ចប្រជុំសម្ព័ន្ធអារ៉ាប់លើកទី៣០ ក្នុងប្រទេសទុយនីស៊ីកាលពីថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) លោក Guterres ក៏បានប្រាប់មេដឹកនាំអារ៉ាប់ដែរថារាល់ដំណោះស្រាយនានាសម្រាប់ជម្លោះក្នុងប្រទេសស៊ីរី ត្រូវតែធានាឱ្យបាននូវ ឯកភាពជាតិ បូរណភាពទឹកដីស៊ីរី ក្នុងនោះរួមមានទាំងតំបន់ Golan។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ជាផ្លូវការថាតំបន់ Golan Heights គឺជា កម្មសិទ្ធិរបស់អ៊ីស្រាអែល ដែលបានដណ្ដើមយកដែនដីនេះពីស៊ីរីនៅអំឡុងសង្រ្គាម៦ថ្ងៃ ជាមួយបណ្ដាប្រទេសអារ៉ាប់កាលពី ឆ្នាំ១៩៦៧៕