(ការ៉ាកាស់)៖ សភាធម្មនុញ្ញជាតិវេណេស៊ុយអេឡា (ANC) របស់ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ បានសម្រេចចជាឯកច្ឆ័នលុបចោលអភ័យឯកសិទ្ធិសភាមេបក្សប្រឆាំងលោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ហើយនៅថ្ងៃអង្គារសប្ដាហ៍នេះ បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។
ការសម្រេចចិត្តខាងលើរបស់ ANC ធ្វើឡើងតបតាមសំណើរបស់ប្រធានតុលាការកំពូលវេណេស៊ុយអេឡា (TSJ) លោក ម៉ៃឃែល ម៉ូរេណូ (Maikel Moreno) បានស្នើឱ្យសភាធម្មនុញ្ញពិចារណា លុបចោលអភ័យឯកសិទ្ធិសភារបស់លោក ហ្គៃដូ ដើម្បីបើកផ្លូវចាប់ខ្លួន និងកាត់ទោសមេបក្សប្រឆាំង ដែលប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទីរូបនេះ។ ប៉ុន្តែការដកអភ័យឯកសិទ្ធិនេះត្រូវបានគេរំពឹងថា នឹងជម្រុញឱ្យសហរដ្ឋអាមេរិកដាក់សម្ពាធ ឬទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងការ៉ាកាស់។
គួរបញ្ជាក់ថា តុលាការកំពូលវេណេស៊ុយអេឡា កាលពីថ្ងៃចន្ទកន្លងទៅ បានចោទប្រកាន់លោក ហ្គៃដូ បានល្មើសនឹងបទបញ្ជាដែលហាមរូបលោកចាកចេញពីប្រទេសកាលពីខែមករា ហើយចូលមកវិញដោយមានសហរដ្ឋអាមេរិកជាអ្នកកាងនៅពីក្រោយ តាមរយៈការព្រមានរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ មិនឲ្យប៉ះពាល់មេបក្សប្រឆាំងរូបនេះឡើយ នៅពេលឈានជើង ចូលប្រទេសវេណេស៊ុយអេឡាវិញនោះ។
បើសម្តីអ្នកវិភាគនានាកន្លងមក អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺលោក ហ្ស៊ាន ហ្គៃដូ គឺជាមេបក្សប្រឆាំងដែលគ្រប់គ្រងសភាជាតិ បន្ទាប់ពីទទួលបានសំឡេងគាំទ្រភាគច្រើនពីការបោះឆ្នោត ខណៈលោក ម៉ាឌូរ៉ូ វិញក៏បានបង្កើតសភាធម្មនុញ្ញជាតិមួយទៀត ដោយសំអាងលើការឈ្នះឆ្នោតកាលពីឆ្នាំ២០១៨ ដោយគ្មានបក្សប្រឆាំងចូលរួម រួចហើយលោកបានឡើងកាន់តំណែងប្រធានាធិបតី ជាផ្លូវការនាពេលបន្ទាប់។ បើគិតពីស្ថានភាពនេះគឺលោក ម៉ាឌូរ៉ូ មានប្រៀបជាងនៅក្នុងស្រុកព្រោះស្ថាប័នរដ្ឋទាំងអស់ ជាពិសេសគឺក្រសួងការពារជាតិ និងមហាផ្ទៃជាដើម នៅស្ថិតក្រោមការគ្រប់គ្រងរបស់លោកទាំងស្រុង៕