(ម៉ានីល)៖ ក្រុមអ្នកជំនាញសន្តិសុខនៅក្នុងតំបន់ បានឱ្យដឹងថាសហរដ្ឋអាមេរិក និងហ្វីលីពីន ធ្លាប់បានពិភាក្សាគ្នាពីការដាក់ ពង្រាយប្រព័ន្ធគ្រាប់រ៉ុក្កែតអាមេរិក ដើម្បីទប់ទល់នឹងការធ្វើសកម្មភាពយោធារបស់ចិននៅឯដែនកោះជម្លោះនៃតំបន់ សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០១៩។
ក៏ប៉ុន្តែបើតាមក្រុមអ្នកជំនាញដដែល ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ានីល មិនអាចឈានដល់ការឯកភាពលើកិច្ចព្រមព្រៀង ណាមួយនោះទេ ដោយសារតែប្រព័ន្ធគ្រាប់រ៉ុក្កែតអាមេរិក HIMARS មានតម្លៃថ្លៃពេកសម្រាប់ហ្វីលីពីនដែលពិបាកក្នុងការបង្កើន កញ្ចប់ថវិកាយោធា។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានសន្យាថានឹងបង្កើនកិច្ចសហប្រតិបតិ្តការ ក៏ដូចជាជួយហ្វីលីពីន ធ្វើទំនើបកម្មយោធារបស់ខ្លួន។
គួរជម្រាបថា បើសិនជា ប្រព័ន្ធគ្រាប់រ៉ុក្កែតអាមេរិកត្រូវបានដាក់ពង្រាយមែន នោះប្រព័ន្ធនេះអាចជួយយោធាហ្វីលីពីនឱ្យមាន សមត្ថភាពវាយប្រហារទៅលើដែនកោះដែលចិនកំពុងគ្រប់គ្រង ដូចជាទីប្រជុំកោះ Spratly ជាដើម នៅក្នុងករណីមានជម្លោះ ប្រដាប់អាវុធជាយថាហេតុណាមួយកើតឡើង៕